ចាប់ខ្លួន ជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀន ជាង ៥ គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៥ គីឡូក្រាម នៅរាជធានីភ្នំពេញ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ(ក១១) ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រមទាំងមាន ការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ចាន់ រ៉ា ភេទប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបានថ្នាំញៀន មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៥ គ.ក្រ ២០៧ ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕