ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើសុំការយោគយល់ និងអធ្យាស្រ័យចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅ និងធ្វើដំណើរតាមកំណាត់ផ្លូវនេះ ចំពោះការរំខាននានាដែលកើតឡើងពីការដ្ឋានផ្លូវលេខ៧នេះ

78

 

កំពង់ចាម ៖កំណាត់ផ្លូវ​ ៤៥,៤៨៩​​គម​ នៃផ្លូវជាតិលេខ៧ (ផ្នែកនៃ AH11) ត្រូវបានបេីកការដ្ឋាន​ ពង្រីក​​ពី ២គន្លង ទៅ ៤គន្លង ពីរង្វង់មូលស្គន់​ – ស្ពានគីហ្សូណា​ ​ទីរួមខេត្តកំពង់ចាម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបផងដែរ។

ជម្រាបជូនអង្គពិធីនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ ដែលមានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងនេះដែរ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។ កំណាត់ផ្លូវជាតិនេះ តភ្ជាប់ផងដែរជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ទៅកាន់ស្រុកចំការលើ និងចំណុចផ្លូវបំបែកកំពង់ថ្ម និងតភ្ជាប់ទៅស្រុកស្ទឹងត្រង់ តាមរយៈផ្លូវជាតិលេខ៧១C។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរីផងដែរ។ មួយវិញទៀត កំណាត់ផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ(GMS) ផងដែរ។

ទន្ទឹមជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញឡើងថ្លែងសុន្ទរកថា និងសំណេះសំណាលទៅកាន់អង្គពិធីទាំងមូលប្រកបដោយសេចក្តីសោមនស្សរីករាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ក្រោយសម័យសង្គ្រាមការស្ថាបនាផ្លូវថ្នល់មានទំហំត្រឹមតែ ៥ ទៅ ៧ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែដោយសារកត្តាសន្តិភាពបានផ្តល់ឱ្យយើងនូវឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបច្ចុប្បន្នទោះបីជាផ្លូវដែលមានទំហំដល់ទៅ១២ម៉ែត្រ ក៏ហាក់នៅតែមិនទាន់គ្រប់គ្រាន់។ ជាមួយគ្នានេះដែរ ផ្លូវជាតិលេខ៧នេះ គឺពិតជាសំខាន់ណាស់ ដែលមានការចាំបាច់តម្រូវឱ្យមានការពង្រីក និងលើកកម្រិតគុណភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសទំហំចរាចរណ៍ និងកំណើននៃការដឹកជញ្ជូនដែលមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមទៀតថា៖ គ្មានផ្លូវ គ្មានស្ពាន គ្មានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធនធានមនុស្ស គីនៅតែជាអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចនៅតែបន្តជំហរការអភិវឌ្ឍប្រទេសជាតិ តាមទម្រង់ជំហានគីង្គក់ បើទោះបោះជំហានមួយៗ តែមិនឈប់ឈរ។

សម្តេចតេជោ បានយកឱកាសនេះសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អាជ្ញាធរខេត្តកំពង់ចាម, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនក្វាងចូវវ៉ាន់អាន(Guangzhou Wanan Construction Supervision) របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការរៀបចំគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ដែលនឹងត្រូវប្រកាសបើកការដ្ឋាននៅពេលបន្តិចទៀតនេះ។ ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅ និងធ្វើដំណើរតាមកំណាត់ផ្លូវនេះ ចំពោះការរំខាននានាដែលកើតឡើងពីការដ្ឋានផ្លូវនេះ។

ជាចុងបញ្ចប់ សម្តេចតេជោ បានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន ដែលនឹងត្រូវទទួលភារកិច្ចសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ក្រោយពីបញ្ចប់ពិធីប្រកាសបើកការដ្ឋាននៅពេលបន្តិចទៀតនេះ សូមជំរុញការយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ដើម្បីសម្រេចតាមផែនការគ្រោងទុក និងប្រកបដោយគុណភាព។

សូមជម្រាបថា៖ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង