ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ជំរុញលើការងារ ធ្វើប្រទានកម្មដីធ្លីស្ដីពីការបំបែកក្បាលដីក្នុងបុរី

145


ភ្នំពេញ៖ នៅរដ្ឋបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០មិថុនា មានបើកកិច្ចប្រជុំស្ដីពីការធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិដី និងបំបែកក្បាលដី ក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយជំរុញធ្វើការងារនេះ ឲ្យបានលឿនជូនប្រជាពលរដ្ឋ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌនីមួយៗ ត្រូវធ្វើការត្រួតពិនិត្យ និងស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់ ដែលរស់នៅតាមតំបន់មួយចំនួន។តំបន់ខ្លះត្រូវបានកំណត់ ដោយស.ជ.ណរួចហើយ និងឈានទៅធ្វើប្រទានកម្មដីនោះ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
លោកបន្តថា មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី រាជធានីភ្នំពេញ បានបំពេញការងារទាំងថ្ងៃទាំងយប់ លើការងារបោះពុម្ពសន្លឹកប័ណ្ណកម្មសិទ្ធិ ក៏ដូចការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនបងប្អូន។អាជ្ញាធរខណ្ឌនីមួយៗ បានលើកឡើងពីទិន្នន័យតំបន់ត្រូវធ្វើប្រទានកម្មដីធ្លី និងផលប៉ះពាល់។

ពាក់ពន្ធ័នឹងសំណើរសុំការអនុញ្ញាតិធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលរស់នៅមិនរៀបរយលើដីអាងស្តុកទឹក ទួលគោកទី១ សង្កាត់បឹងកក់ទី២ និងអាងស្តុកទួលគោកទី២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលមានពាក់ព័ន្ធនឹងផ្លូវរថភ្លើងដែរនោះ លោកឃួង ស្រេង បញ្ជាក់ថា អង្គប្រជុំបានកំណត់គម្លាតពីអ័ក្សផ្លូវរថភ្លើងសងខាង គឺខាងត្បូងផ្លូវ១១ម៉ែត្រ និងខាងជើងផ្លូវ១៥ម៉ែត្រ ចាប់ពីត្រឡោកបែកដល់វិថីគីមអ៊ីលស៊ុង ។

ចំណែកអាងស្ដុកទឹក ត្រូវទុកទំហំទទឹងប្រឡាយ២៤ម៉ែត្រ និងទុកចំណីប្រឡាយ សម្រាប់ធ្វើផ្លូវនិងបុកស៊ីផាយ ដើម្បីបញ្ជៀសការរំលោភប្រឡាយតទៅទៀត។ចំពោះកំណាត់ផ្លូវអមផ្លូវរថភ្លើង ចាប់ពីផ្លូវគីម អ៊ីលស៊ុង ដល់រាជាយស្ម័យយានកម្ពុជា ត្រូវថយ១២ម៉ែត្រពីអ័ក្សផ្លូវរថភ្លើង។នៅមានទីតាំងមួយចំនួន ដែលត្រូវដោះស្រាយតាមនិតិវិធី សុរិយោដី និងការផ្តល់ប្រទានកម្មដី ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានលឿន ឈានទៅផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនបងប្អូន៕

អត្ថបទដែលជាប់ទាក់ទង