សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត កុំឲ្យភ្លេចអ្នកមានគុណ
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្រៀនលោក ស៊ន តារា ថា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ។
សម្តេចតេជោ ហ៊ុន សែន បានចេញមុខរិះគន់ លោក ស៊ន តារា សកម្មជនក្រុមប្រឆាំង ដែលចាកចេញគ្រួសារទៅរស់នៅក្រៅប្រទេសថា កំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីលធម៌ ដោយបានវាយប្រហារចំពោះឪពុកម្តាយខ្លួនហើយ ធ្វើឱ្យសាធារណជនយល់ថា បើម៉ែឪខ្លួនឯង ខ្លួនមិនទាំងគោរពស្រលាញ់ និងស្តាប់ផង តើឱ្យគោរពស្រលាញ់ និងស្តាប់ប្រជាជនដូចម្តេចទៅ។
ឪពុកម្តាយរបស់ លោក ស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីអត្តចរិតរបស់កូន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ តាមរយៈវីដេអូឃ្លីបរយៈពេលជាង២នាទី លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន តារា ហើយក៏ជាទាហានមួយរូប បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា ចេះមិនដល់ខ្លួនថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វាមិនចម្លែកទេ បើក្មួយប្រមាថឪពុកខ្លួនឯងថា “ប៉ាឯងកុំចេះ !ខ្ញុំរៀនចេះជាងប៉ាឯង ប្រសិនបើក្មួយប្រើភាសាដូចអ្វីដែលឪពុកក្មួយឯងនិយាយ ក្មួយខុសធំហើយ រឿងក្មួយគេចោទបញ្ហាអញ្ចេះគឺថា បើ ស៊ន តារា ធ្វើរបៀបនេះជាមួយឪពុកម្តាយរបស់ខ្លួន វាមិនចាំបាច់គិតទេទៅលើការវាយប្រហារអ្នកដទៃ រាប់តាំងវាយប្រហារលើព្រះមហាក្សត្រ វាយប្រហារមកលើខ្ញុំជានាយករដ្ឋមន្ត្រី ឬកូនរបស់ខ្ញុំ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមដល់ លោក ស៊ន តារា ដោយលើកឡើងថា ក្មួយនិយាយថា ក្មួយគោរពសិទ្ធិប្រជាពលរដ្ឋ និងស្តាប់ប្រជាពលរដ្ឋ គេគ្រាន់តែវ៉ៃតែមួយម៉ាត់ទេថា បើគ្រាន់តែឪពុកម្តាយខ្លួនឯង មិនទាំងស្តាប់ផង តើវាយកត្រចៀកស្តាប់ពលរដ្ឋធ្វើស្អី ក្មួយអើយក្មួយ! ល្មមបានហើយគ្រប់គ្រាន់ហើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកពីប្រវត្តិរូប លោក ស៊ន តារា ដែលកើតនៅចុងឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ៧មករា ប៉ុន្មានខែប៉ុណ្ណោះ គឺមានន័យថា ឪពុកម្តាយរបស់ លោក ស៊ន តារា ជាអ្នកនៅសេសសល់ពីការកាប់សម្លាប់របស់ខ្មែរក្រហម ហើយត្រូវបានរំដោះ។ សម្តេចតេជោ បានទូន្មានថា ឪពុកម្តាយគ្រប់រូបគឺជាព្រះនៅក្នុងផ្ទះ ប៉ុន្តែ លោក ស៊ន តារា បែរជាមើលងាយឪពុកម្តាយដែលជាអ្នកបង្កើតខ្លួនគេផ្ទាល់។
សម្តេចបានបញ្ជាក់ថា សម្តេចមិនបិទផ្លូវរបស់ លោក ស៊ន តារា នោះទេ ខណៈដែលពេលនេះឪពុកម្តាយរបស់ លោក ស៊ន តារា សុទ្ធតែបានអំពាវនាវឱ្យកូន មានការកែប្រើឥរិយាបទ។ សម្តេចបានចោទសួរទៅ លោក ស៊ន តារា ថាតើផ្ទៃក្នុងបក្សប្រឆាំងនឹងគិតយ៉ាងណាចំពោះ លោក ស៊ន តារា ក្រោយមានការបែកធ្លាយចំពោះទំនាក់ទំនងគ្រួសារបែបនេះ៕
