ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ធ្វើទស្សនកិច្ចនៅកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌

84

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចេមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា “ថ្ងៃនេះ ខ្ញុំមានឱកាសបានទស្សនានិងស្វែងយល់ពីដំណើរការ នៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។
ខ្សែច្រវាក់ផលិតកម្ម តាំងពីការចិញ្ចឹមសត្វគោដោយចំណីដែលផលិតនៅក្នុងស្រុក រហូតដល់ការផលិតទឹកដោះគោស្រស់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានានូវគុណភាពសម្រាប់អ្នកបរិភោគ។ ខ្ញុំមានមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយសង្ឃឹមថា ក្រុមហ៊ុនដែលគ្រោងពង្រីកផលិតកម្មរបស់ខ្លួន នឹងពិចារណាសហការជាមួយកសិករ ក្នុងដាំស្មៅសម្រាប់ផលិតចំណីសត្វគោ ដើម្បីផ្ដល់ការងារដល់កសិករនៅតំបន់ជុំវិញ និងផលចំណេញសម្រាប់គ្រប់ភាគី”។

បន្ទាប់ពីបានធ្វើទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់ពីដំណើរការ និងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្ត និងត្រៀមខ្លួនជំរុញឱ្យកសិដ្ឋានកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ដែលជាអាហារូបត្ថម្ភដ៏ល្អ សម្រាប់ការលូតលាស់ទាំងផ្នែករាង្គកាយ និងប្រាជ្ញាស្មារតី ជាពិសេសកុមារ។

ឯកឧត្តមបានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពិនិត្យលទ្ធភាព ក្នុងការពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម និងរូបឯកឧត្តមផ្ទាល់ នឹងជួយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើកសិដ្ឋាន ដើម្បីឱ្យភាគីទាំងពីរអាចសហការគ្នាឈានទៅបំពេញតម្រូវការនៃខ្សែច្រវាក់ផលិតកម្ម។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ឱកាសផ្តល់ជូនដោយស្មើភាពគ្នា ហើយអ្នកដែលចាប់យកឱកាសបានមុនគេ នឹងទទួលបានផលចំណេញមុនគេដែរ៕

អត្ថបទដែលជាប់ទាក់ទង