អនិកជនខ្មែរអាមេរិក យកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ អនិកជនខ្មែរអាមេរិក ដែលបានយកខ្សែ ភ្លើងឆក់សម្លាប់ប្រពន្ធក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅព្រំដែនកម្ពុជា-ថៃ។
ជនសង្ស័យមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានរត់គេចខ្លួន ក្រោយកើតហេតុកាលពីព្រឹកថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ។
បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឲ្យដឹងថា ដើម ឡើយគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចាក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង៕
