ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង ៖ ជនពិការ បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ

81

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ សូមចូលរួមបរិចាក ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឲ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា ។

ការអំពាវនាវបែបនេះ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង កាលពីនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈលោកនិងលោកស្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធី
សម្ភោធដាក់ឱ្យដំណើរការ “អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ” ស្ថិតនៅអគារ ២៩៨D ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ឯកឧត្តមឃួង ស្រេង បានមានប្រាសន៍ថា៖ ជនពិការ ធ្លាប់បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ បន្ថែមពីនេះទៀត សូម្បីតែអ្នកសុំទានក៏ធ្លាប់បានបរិច្ចាគជាថវិកាជួយរាជរដ្ឋាភិបាលផងដែរ ខណៈដែលកម្ពុជាបានប្រឈមមុខដាក់គ្នា ជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារកន្លងមក។ ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋាមនេះ ពិតជាបានបង្ហាញឲ្យឃើញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការជឿជាក់មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ឯកឧត្តមឃួង ស្រេង បន្តទៀតថា៖ ការអញ្ជើញប្រជាពលរដ្ឋ ឲ្យមកចូលរួមក្នុងពិធីខាងលើនេះ គឺក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងថា នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅយើងនេះ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ ។ ដូច្នេះបងប្អូន អាចជួយចែលរំលែកការលំបាកជាមួយពួកគាត់បាន តាមរយៈផ្តល់ជាអង្ករ១គីឡូក្រាម ២គីឡូក្រាម ឬក៏ថវិកាក្តី។

ឯកឧត្តមឃួង ស្រេង បន្តថា នៅពេលមានបុណ្យជាតិធំៗ សូមប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ នឹកឃើញនិងចែករំលែកដល់សមាគមតន្រ្តីសំនៀងជនពិការផង។ នេះជាការចែករំលែក ជាប្រពៃណីល្អរបស់ដូន តារបស់យើងដែលបានធ្វើជាប់ជាប្រចាំមក។

គួរបញ្ជាក់ថា៖ សមាគមតន្ត្រីសំនៀងជនពិការបង្កើតឡើងក្នុងឆ្នាំ២០១៣ ដឹកនាំដោយលោក ចាប តូ ជាជនពិការភាពភ្នែក ។ បច្ចុប្បន្ន មានសមាជិក ក្នុងសមាគមទាំងអស់ចំនួន ៦៥៤នាក់ មានស្ត្រី ២៨៤នាក់ ដោយមានការជួយ ក្រោមការជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា , ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីព្រមទាំងសប្បុរសជនមួយចំនួនធំទៀត ។ អគារមជ្ឈមណ្ឌលនេះ បានចាប់ផ្តើមសាង សង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ និងបញ្ជប់នៅថ្ងៃទី២០ កុម្ភៈ ២០២០ មានកម្ពស់២ ជាន់រៀងជាអក្ស L មានបន្ទប់សរុបចំនួន ២០បន្ទប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបាននាំយកអំណោយរបស់
សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់សមាគមតន្ត្រីសំនៀងជនពិការនេះផងដែរ ដែលមានទឹកប្រាក់ប្រមាណជិត២០លានរៀល ជាមួយនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ព្រមទាំងផ្តល់អាហារ១ពេលដ៏ឆ្ងាញ់ពិសាជូនពួកគាត់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង