បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ
ភ្នំពេញ៖នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយនយោបាយ ឈ្នះឈ្នះនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម។សម្តេចតេជោបញ្ជាក់បន្ថែមថា ពីអតីតកាលមក កម្ពុជាមានការបែកបាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ សម្តេចតេជោ បានមានប្រសាសន៍ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើននិងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។ សម្តេចតេជោប្រកាសថា មិនយូរទេកម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីបេសកកម្មរបស់ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា «អ៊ុនតាក់» កាលពីជាង៣០ឆ្នាំមុន ដែលមិនបានបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាឡើយតាមបំណងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ ក្រោយពេលបញ្ចប់បេសកកម្មរបស់ពួកគេ។
អ៊ុនតាក់ ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៩២ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ បេសកកម្មរបស់អ៊ុនតាក់ បានចាប់ផ្តើមពីឆ្នាំ១៩៩២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បីស្ដារប្រទេសជាតិឡើងវិញ និងចាប់ផ្តើមសករាជលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពថ្មីមួយឡើងវិញ។ ប៉ុន្តែអ៊ុនតាក់បានបរាជ័យ ក្នុងការដកហូតអាវុធពីខ្មែរក្រហម ហើយខ្មែរក្រហមក៏ពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖
«អ្វីដែលចង់បានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់ទៅវិញ ទុកឱ្យខ្មែរមានសង្គ្រាមនៅឡើយទេ»។
សម្តេចបានរំលឹកថា រដ្ឋាភិបាលនាពេលកន្លងទៅ ក៏ធ្លាប់បានសាកល្បងប្រើកម្លាំងយោធា រាប់ទាំងការវាយចូលតំបន់ប៉ៃលិននៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែទីចុងបំផុតមិនអាចឈរជើងនៅទីនោះបានទេ ដែលត្រូវដកថយត្រឡប់មកវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់មកសម្តេចបានដាក់ចេញនយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៦ ដោយមានគោលដៅសំខាន់៣ ដោយក្នុងនោះមាន៖ ទី១៖ ធានាជីវិត និងរូបកាយរបស់ពួកគេ (អ្នកផ្តាច់ខ្លួន មិនត្រូវបានចាប់ចង និងសម្លាប់នោះទេ), ទី២៖ ធានាមុខរបរ និងការងារ (នរណាដែលមានមុខរបរ ឬការងារ ក្នុងពេលធ្វើជាខ្មែរក្រហម គឺបន្តធ្វើដដែល) និងទី៣៖ ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ពួកគេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។
«ចំណុចទាំង៣នេះគឺគ្រប់គ្រាន់ ដើម្បីធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមរលំរលាយ»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។
នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ បានទទួលជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលមេដឹកនាំខ្មែរក្រហមបានមកជួបចរចាជាមួយ សម្តេចនៅផ្ទះរបស់សម្តេចឯក្រុងតាខ្មៅ ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង ហើយនាំមកនូវសន្តិភាពពេញលេញ៕