នាយកដ្ឋានសវនកម្មសហគ្រាស និងសាខាពន្ធដារខេត្តព្រះសីហនុ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីពន្ធលើប្រាក់ចំណូលនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៣
ខេត្តព្រះសីហនុ- នាយកដ្ឋានសវនកម្មសហគ្រាសនិងសាខាពន្ធដារខេត្តព្រះសីហនុបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីពន្ធលើប្រាក់ចំណូលនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៣ ក្រោមការចូលរួមពី លោក ខៀន សង្ហា អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស និងលោក សន សុីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ រួមជាមួយលោក លោកស្រី ម្ចាស់សហគ្រាសនានាឬអ្នកតំណាង ដើម្បីផ្សព្វផ្សាយ បញ្ជ្រាបនូវបទបញ្ញត្តិស្តីពីពន្ធដារ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ពន្ធ័នឹងពន្ធលើប្រាក់ចំណូល បង្កលក្ខណៈងាយស្រួលសម្រាប់ម្ចាស់សហគ្រាស ធ្វើការប្រកាសបង់ពន្ធបានត្រឹមត្រូវ។
លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានលើកឡើងថាសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ពន្ធលើពន្ធលើប្រាក់ចំណូល(សាខាពន្ធដារខេត្តព្រះសីហនុ,ថ្ងៃនេះអស់លោក-លោកសី្រដែលជាម្ចាស់សហគ្រាសទាំងអស់ ដែលបានរួមចំណែកក្នុងការបំពេញកាត្វកិច្ចបង់ពន្ធជូនរដ្ឋប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងធ្វើការផ្សព្វផ្សាយបទប្បញ្ញតិផ្សេងៗស្តីពីពន្ធដារ គោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពី “ពន្ធលើប្រាក់ចំណូល” ។
ជាមួយគ្នានេះដែរ លោកប្រធានសាខាពន្ធដារខេត្តបានគូសបញ្ជាក់ថា រដ្ឋបាលសារពើរពន្ធ គឺជាស្ថាប័នប្រមូលចំណូលដ៏សំខាន់មួយ ដែលមានកាតព្វកិច្ចអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ហើយមានបេសកកម្មរុករកកៀរគរចំណូលជូនរដ្ឋ សម្រាប់ធ្វើការអភិវឌ្ឍន៍ និងបំពេញការចំណាយនានារបស់ប្រទេសជាតិតាមរយៈគម្រោងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានដូចជាការសាងសង់មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្ពាន និងលើកកម្ពស់កម្រិតជីវភាព មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងការពារបូរណភាពទឹកដី នៅសមរភូមិមុខ -ល-។
លោកក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលប្រាក់ពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ បានជាង១១៥ពាន់លានរៀល។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក ខៀន សង្ហា អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសបានលើកឡើងថាដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃការគ្រប់គ្រងនិងប្រមូលពន្ធ អគ្គនាយដ្ឋានពន្ធដារបាននិងកំពុងរៀបចំជាបន្តបន្ទាប់នូវកម្មវិធីកែទម្រង់មួយចំនួន ដែលមានជាអាទិ៍ ការកែទម្រង់លើគោលនយោបាយសារពើពន្ធ ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ រចនាសម្ព័ន្ធពន្ធដារ និងបទប្បញ្ញត្តិនានា ត្រូវបានតាក់តែងនិងកែលម្អជាបន្តបន្ទាប់ ការពង្រឹងអភិបាលកិច្ចល្អ ការពង្រឹងសមត្ថភាពមន្ត្រីរាជការការពង្រីកមូលដ្ឋានជាប់ពន្ធ និងការត្រួតពិនិត្យសារពើពន្ធ(សវនកម្ម) ដែលស្របតាមផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ។
សរុបជារួម សិក្ខាសាលានេះ ពិតជាបានផ្ដល់នូវចំណេះដឹងថ្មីៗ បន្ថែមទៀតជូនដល់សិក្ខាកាមដែលជាម្ចាស់សហគ្រាស និងអ្នកតំណាងសហគ្រាសទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ ឱ្យបានយល់កាន់តែច្បាស់អំពីច្បាប់ និងបទបញ្ញត្តិនានាស្ដីពី “ពន្ធលើប្រាក់ចំណូល” ។
ក្នុងការបង់ពន្ធជូនរដ្ឋ គឺជាការួមចំណែកមួយដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍមាតុប្រទេសជាតិយើង។
ទន្ទឹមនឹងនេះ ខ្ញុំសូមរំលឹកជាថ្មីម្ដងទៀត នូវកាតព្វកិច្ចប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២២ ដែលតម្រូវឲ្យសហគ្រាសរបស់ លោក-លោកស្រីដាក់លិខិតប្រកាសឲ្យបានមុនថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានត្រឹមត្រូវ ជៀស វាងទទួលរងនូវការផាកពិន័យ និងទោសទណ្ឌនានា តាមបទប្បញ្ញតិស្តីពីពន្ធដារផងដែរ៕