សពយោធាមួកខៀវកម្ពុជា ពលីនៅម៉ាលី បានបញ្ជូនមកដល់កម្ពុជា ហើយ
ភ្នំពេញ៖ សពយោធាមួកខៀវកម្ពុជាមួយរូបដែលបានពលីក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី(MINUSMA)បានបញ្ជូនមកដល់កម្ពុជានៅវេលារំលងអធ្រាត្រថ្ងៃទី២៨ ខែកុម្ភៈឆ្លងចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការប្រារព្ធពិធីទទួលសពតាមបែបផែនយោធា ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ផងដែរថាៈសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ បានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅតំបន់តេសសាលីត កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO។
សូមបញ្ជាក់បន្ថែមថាៈសពលោកវរសេនីយ៍ទោ គឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី
ទៅដល់ទីក្រុង Bamako វេលាម៉ោង១៥:០០នាទី។
គិតមកដល់ឆ្នាំ២០២៣នេះ កងទ័ពមួក ខៀវកម្ពុជាបានពលីនិងស្លាប់ចំនួន ១១រូប ក្នុងអំឡុងពេល បំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមតំបន់គោលដៅផ្សេងៗ។
ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ ពាន់នាក់ នៅប្រទេសចំនួន៩រួមមានៈស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ី ប ស៊ីរី ម៉ាលី និងយេ ម៉ែន ៕ សំរិត
