ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋអ្នកទិញ​ផ្ទះល្វែង​បុរី (VIP) នៅខណ្ឌដង្កោ ប្រមូលផ្ដុំគ្នាលើកបដា និងបិទផ្លូវ២១៧ ទាមទារ​ឲ្យ​ម្ចាស់​បុរី​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ជា​បន្ទាន់

59

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ប្រជាពលរដ្ឋអ្នកទិញ​ផ្ទះល្វែង​បុរី VIP ស្ថិត​នៅ​ក្នុងភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​បិទផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​បុរី​ខាងលើ​នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣។ ពួក​គាត់​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ជា​បន្ទាន់ ក្រោយ​ពី​ទិញ​ផ្ទះ​រយៈពេល​ច្រើន​ឆ្នាំ​ហើយ អ្នកខ្លះ​ទទួល​បាន​ផ្ទះ​ហើយ​តែ​អត់​ប័ណ្ណកម្មសិទ្ធិ​។ ចំណែក​អ្នកខ្លះ​បង់លុយ​គ្រប់​អស់ហើយ ប៉ុន្តែ​ផ្ទះ​នៅ​ជញ្ជាំង​ឥដ្ឋក្រហម​ពុំ​ទាន់​សង់​រួច រីឯ​ខ្លះ​ទៀត​ក៏​ពុំ​ដឹង​ថា​ផ្ទះ​នៅឯណា​ផង​។

ប្រជាពលរដ្ឋ​ បាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​​កិតិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុ​ន រ៉ា​នី​ ហ៊ុន សែន ព្រមទាំង​បដាទាមទារ​ឲ្យ​ម្ចាស់​បុរី​ចេញ​មុខ​ដោះស្រាយ​ជាមួយ ពួក​គាត់ ហើយ​ពួក​គាត់​ក៏​បាន​សុំ​ឲ្យ​សម្ដេច​ទាំង​ទ្វេរ​មេត្តា​ជួយ​គាត់​ផងដែរ​​ ។ ​បន្ទាប់​ពី​មានការ​តវ៉ា​បិទផ្លូវ​ពី​ប្រជា ពលរដ្ឋ​បែប​នេះ កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សម្រួល​ឲ្យ​អ្នកដំណើរ​ធ្វើ​ចរាចរណ៍​វាង​ទៅ​តាម​ផ្លូវ​នានា ដែល​អា​ធ្វើ​ដំណើរ​ទៅ​បាន​ដើម្បី​ចៀសវាង​ការ​​កកស្ទចរាចរណ៍នៅ​តាម​ផ្លូវ​ខាងលើ​នេះ​។

ក្រុម​អ្នក​តវ៉ា​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​បាន​ទិញ​ផ្ទះល្វែង​បុរី វី អាយ ភី នេះ​ពី​ឈ្មោះ​ហម រ៉​ន និង​ឈ្មោះ​វ៉​ន ណា​ក់ ដែល​ជា​ម្ចាស់​បុរី​នោះ ហើយ​បាន​បង់ប្រាក់​តាម​កិច្ចសន្យា​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ។​ នៅ​ពេល​ក្រុមហ៊ុន​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​និង​ប្រកាស​លក់​ផ្ទះ ពួក​គាត់​ក៏​បាន​ចូល​ទៅ​ទិញ​ភ្លាម ហើយ​បាន​បង់ប្រាក់​ជា​ដំណាក់​កស​ល​ៗ រហូត​គ្រប់​ចំនួន​អស់ហើយ ។​ក្រោយមក​អ្នកខ្លះ​ក៏​ទទួល​បាន​ផ្ទះ​សាង សង់​រួចរាល់ តែ​អត់​មាន​ប័ណ្ណកម្មសិទ្ធិ ចំណែក​អ្នកខ្លះ​ទៀត​ផ្ទះ​ក៏​សង់​អត់​ទាន់​រួចហើយ​ក៏​អត់​ទាំង​ប័ណ្ណកម្មសិទ្ធិ​ទៀត ផង ពេល​សួរនាំ​ម្ចាស់​បុរី​នេះ​ឆ្លើយ​ដោះសា​រលេស​១០០០​លេស​តែ​ម្ដង ​និង​គិតតែ​ពី​ទារ​ឲ្យ​បង់លុយ​ថែម​រហូត​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា គាត់​បាន​នាំ​គ្នា​ចេញ​តវ៉ា​បិទផ្លូវ ២១៧ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ម្ចាស់​បុរី​មួយ​នេះ​ចេញ​មុខ​មក​ទទួលខុសត្រូវ ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ប្លង់​ស្របច្បាប់​កាន់កាប់​ផ្ទះ និង​ប្លង់​បំបែក​ក្បាលដី​ជូន​ពួក​គាត់​។ មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​បន្ថែម​លើ​ការ​រត់​ប្លង់​ពី​ឡើយ ដែល​ទ​ង្វើ​នេះ​ផ្ទុយ​ពី​កិច្ចសន្យា​ទិញ​លក់​-​ដី​/​ផ្ទះ​កាលពី​លើក​ដំបូង និង​ឈប់​រក​ស៊ី​បោកប្រាស់​បែប​នេះ​តទៅ​ទៀត​។​ម្យ៉ាងទៀត ​ពួក​គាត់​ក៏​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​ឲ្យ​ពួក​គាត់​ផង កុំ​ឲ្យ​ការ​ដោះស្រាយ​ចេះ​តែ​អូស​បន្លាយពេល​រហូត​បែប​នេះ ព្រោះ​ពួក​គាត់​តវ៉ា​ច្រើន​លើក​មក​ហើយ​ប៉ុន្តែ​ការ​ដោះស្រាយ​ហាក់​អត់​មានអី​ប្លែក​សោះ​។

​អ្នកទិញ​ផ្ទះ​នៅ​បុរី​ (VIP) នេះ​បាន​ធ្វើការ​តវ៉ា​បិទផ្លូវ​បែប​នេះ​ដែរ ជា​ហូរហែ​ច្រើន​លើក​រួច​មក​ហើយ ដោយឡែក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ខណ្ឌដង្កោ​ បាន​សម្របសម្រួល​នៅ​ក្រៅ​ប្រពន្ធ​តុលាការ​ក៏​ច្រើន​លើក​ដែរ ប៉ុន្តែ​ពុំ​បាន​ធ្វើ​ឲ្យ​វិវាទ​មួយ​នេះ​សះជា​បាន​នោះ​ទេ ។​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ការ​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ផង​ដែរ ដោយ​បញ្ជាក់​ថា វិវាទ​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​និង​ពាក់ព័ន្ធ​ច្រើន​៕

អត្ថបទដែលជាប់ទាក់ទង