សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
វៀតណាម ៖ នាព្រឹកថ្ងៃសៅរ៍ទី៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។
កិច្ចប្រជុំ ស្ដីពីសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំជាផ្ទះដោយភាគីវៀតណាម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាឱកាសនៃកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម បានមានប្រសាសន៍ថ្លែងអំណរគុណទៅវិញទៅមកចំពោះការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាឆ្នាំកន្លងទៅ ដែលនាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខនេះ ដោយមានក្ដីរំពឹងថា នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ ។
ដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕