លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ វិស័យឯកជន ជាពិសេស វិស័យសុខា ភិបាល និងស្នើសុំឲ្យពង្រឹងវិជ្ជាជីវៈឲ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិ
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យអន្តរជាតិអរៀនដា ដែលមានទីតាំងស្ថិតនៅ អគារលេខ៦៦ ផ្លូវលេខ៣១CC សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលរួមមានការកែទម្រង់ស៊ីជម្រៅតាមវិស័យនានា រួមទាំងវិស័យសុខាភិបាលផងដែរ សំដៅលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ ការពង្រឹងការផ្តល់សេវាថែទាំសុខភាព ពិសេសការធ្វើរោគវិនិច័្ឆយ និងការផ្តល់សេវាព្យាបាល និងថែទាំ ប្រកបដោយគុណភាព មានសុវត្ថិភាព និងសក្តិសិទ្ធិភាព។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរ និងកោតសរសើរដោយស្មោះ ចំពោះ ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលបានបោះទុនវិនិយោគកសាងអគារមន្ទីរពេទ្យអន្តរជាតិអរៀនដា ដ៏ទំនើប ២អគារ ដែលអគារទី១ មានកម្ពស់ ៥ជាន់ និងអគារទីពីរ កម្ពស់ ២៤ជាន់ ចំណាយថវិកាសាងសង់អស់ ២៧លានដុល្លារសហរដ្ឋអាមេរិក ។
មន្ទីរពេទ្យដ៏ទំនើបនេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខា ភិបាលនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេសកម្ពុជា ដែលកំពុងមានសក្ដានុពលភាពយ៉ាងល្អប្រសើរ ផ្នែកពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ តាមរយៈ សមិទ្ធិផលនេះ បានឆ្លុះបញ្ចាំងនូវការរីកលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមរបស់វិស័យឯកជន លើផ្នែកសុខាភិបាល ដើម្បីបំពេញបន្ថែមលើការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ និងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែមានភាពប្រសើរ ៕ . សំរិត