កោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកប្រជុំដើម្បីផ្សព្វផ្សាយ លើការងារគ្រប់គ្រងហត្ថពលកម្មបរទេស អោយបានល្អ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ៤០០នាក់ មកប្រជុំដើម្បីផ្សព្វផ្សាយលើ
ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញអោយបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកហួត ហៃ អភិបារងរាជធានីភ្នំពេញនិងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងអោយម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់គ្រប់គ្រងជនបរទេសអោយបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេស រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញជាដើម និងទប់ស្កាត់ការលាងសំអាតប្រាក់ ។
លោកហួត ហៃ បានបញ្ជាក់ផងដែរថា៖ ជាជំហានដំបូងនេះ យើងគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់
តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលអោយបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ចំនួន៣ខែ គឺខែមេសា ឧសភានិងមិថុនា ។ ក្រោយពេល៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំង២ភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់បងប្អូនតែម្តង ។ ជនបរទេសមករកស៊ី ធ្វើការនិងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពជានិងអនុវត្តអោយបានល្អ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពីច្បាប់របស់កម្ពុជា។
លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងដែរថា៖ ចំពោះការងារលើនេះ មាន៣តំណាក់កាលដែលបងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ត្រូវដឹង ក្នុងនោះទី១ គឺអាជ្ញាធរត្រូវណែនាំនិងផ្សព្វផ្សាយដើម្បីអោយបងប្អូនបានដឹងពីច្បាប់យកទៅអនុវត្ត កុំអោយប្រព្រឹត្តខុសច្បាប់ រហូតមានទោសទណ្ឌ ។ទី២ អនុវត្តវិធានការរដ្ឋបាល ដោយ ចុះពិនិត្យដល់ទីតាំង និងទី៣ វិធានការច្បាប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសុំអោយ បងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរទាំងអស់គ្នា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបាន៕