រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតជូនពរ សូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាម ខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា សម្តេច បានបំពេញនូវបេសកកម្មមនុស្សធម៌នៅគ្រប់ដំណាក់កាលទាំងអស់ ពោរពេញដោយកាយវិការអាណិតស្រឡាញ់ទឹកចិត្តសន្តោស ប្រណីដ៏ជ្រាលជ្រៅបំផុត និងបានខិតខំស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដូចជា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនអនាថា ជនមានពិការភាព និងអ្នកជំងឺអេដស៍ គួរជាទីគោរពកោតស្ញប់ស្ញែង ស័ក្តិសមជាកុលស្ត្រីខ្មែរដ៏ឧត្តម និងជានិមិត្តរូបមាតាមនុស្សធម៌នៃកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសម ប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្ម ដ៏ឧត្ដុង្គឧត្តមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហបកម្ពុជា មេត្តាទទូលនូវភក្ដីភាព
ដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕