ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រកាសខេត្តតាកែវ ជាខេត្តអស់មីន
ខេត្តតាកែវ ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពប្រកាសខេត្តតាកែវ ជាខេត្តអស់មីន ដោយមានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រុមប្រឹក្សាខេត្ត ប្រតិបត្តិករបោសសម្អាតមីន មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋខេត្តតាកែវ។
ក្នុងឱកាសនោះ ក្នុងនាមប្រជាជនខេត្តតាកែវ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជបានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ព្រមទាំងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច៕
