ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថយន្ដធុនធំ របួសធ្ងន់៤នាក់

180

ស្រុកព្រៃនប់៖(ព័ត៌មានបឋម) មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាង រថភ្លេីងដឹកអ្នកដំណើរជាមួយរថយន្តធំមួយគ្រឿង កំពុងបើកឆ្លងផ្លូវរថភ្លើង នៅវេលាម៉ោង ជិត៤ល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ។
បើតាមសមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់នេះ បណ្តាលឲ្យភាគីខាងរថភ្លើង២នាក់រងរបួស (អ្នកបើកបររថភ្លើងម្នាក់និងអ្នករួមដំណើរលើរថភ្លើងម្នាក់) និងភាគីខាងរថយន្តរងរបួសចំនួន២នាក់ដូចគ្នា ។
គ្រោះថ្នាក់នេះកើតឡើងនៅផ្លូវលំមានផ្លូវរថភ្លើងឆ្លងកាត់ ចំណុចឡើងថ្មដំរី ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើយោងតាមរបាយការណ៏បឋមពីសមត្ថកិច្ចបញ្ជាក់ថា ភាគីខាងរថយន្ដ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-7015 បើកបរដោយឈ្មោះ រើ ជីវ័នភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី និង អ្នករួមដំណើរឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមេការរថយន្ដដឹកដី អ្នកទាំង០២ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។
ចំណែករថភ្លើងជាប្រភេទដឹកអ្នកដំណើរ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អ៊ុ សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិផ្សារដេប៉ូ១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង អ្នករួមដំណើរលើរថភ្លើងសរុបចំនួន២២នាក់ ក្នុងនោះស្រី១១នាក់ ។
អ្នករងបួសក្នុងហេតុការណ៏នេះចំនួន០៤នាក់៖
ទី១.ឈ្មោះ រើ ជីវ័នភេទប្រុស អ្នកបើកបររថយន្ដ HYUNDAI (រងបួសធ្ងន់)
ទី២.ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អ្នករួមដំណើររថយន្ដ HYUNDAI(រងបួសធ្ងន់) អ្នកទាំង០២បានយកមកសង្គ្រោះនៅមន្ទីរពេទ្យបូកគោ ខេត្តកំពត ។
ទី៣.ឈ្មោះ អ៊ុ សម្បត្តិ ភេទប្រុស អ្នកបើកបររថភ្លើង (រងបួសធ្ងន់ជើងខាងឆ្វេង) ។
និងទី៤.ឈ្មោះ រុំ ភេទប្រុស អ្នករួមដំណើរក្នុងរថភ្លើង (រងបួសស្រាល) ៕

 

អត្ថបទដែលជាប់ទាក់ទង