លោកឧកញ៉ា ទៀ វិចិត្រ សង្គ្រោះសត្វឆ្កែ ចំនួន៤ក្បាល ដែលត្រូវបានគេទុកចោលនៅកោះដំឡូង
សត្វឆ្កែ ចំនួន៤ក្បាល មានសភាពស្គមរីងរៃ ដែលត្រូវបានគេទុកចោលនៅរីស៊តចាស់មួយកន្លែង គ្មានមនុស្សរស់នៅ នៅកោះដំឡូង ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជំនាញសត្វឆ្កែ ចេញទៅជួយសង្គ្រោះ។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកឧកញ៉ា បានបញ្ជូនអូប័រល្បឿនលឿន ក្រុមហ៊ុន GTVC រួមអាហារ និងក្រុមជំនាញសង្គ្រោះសត្វឆ្កែ ចេញទៅកោះដំឡូង ដែលនៅក្បែរកោះតាង ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលមានចំងាយជាង៥០គីឡូ ពីក្រុងព្រះសីហនុ ដើម្បីទៅជួយសង្គ្រោះសត្វឆ្កែចំនួន ៤ក្បាល ដែលត្រូវបានគេទុកចោល មានសភាពស្គមរីងរៃ អត់អាហារ នៅរីស៊តចាស់ ដែលគេទុកចោលមួយកន្លែង នៅឯកោះដំឡូង បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ បានទទួលព័ត៌មាននេះ ពីបណ្តាញសង្គម។
លោកឧកញ៉ា មានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន សត្វឆ្កែ ទាំង៤ក្បាលនេះ ត្រូវបានក្រុមជំនាញសង្គ្រោះសត្វឆ្កែ របស់លោកឧកញ៉ា ប្រើបច្ចេកទេសយកបានហើយ នឹងនាំយកចេញពីកោះនេះ ដើម្បីទៅកន្លែងដែលលោកឧកញ៉ា រៀបចំ ឲ្យមានក្រុមការងារមើលថែរក្សា និងចិញ្ជឹមឲ្យចំណី ឲ្យបានល្អបំផុត៕
