ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិត ហ៊ុន ម៉ាណែត៖ គោលការណ៍សកម្មភាពបក្សប្រជាជនកម្ពុជា ប្រកាន់សច្ចធម៌ អហិង្សា សាមគ្គីភាព និងការបង្រួបបង្រួម

66

 

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលការណ៍​សកម្ម​​ភាពបក្សប្រជាជនកម្ពុជា គឺប្រកាន់នូវសច្ចធម៌ អហិង្សា សាមគ្គីភាព និងការ​បង្រួប​បង្រួម​រវាងខ្មែរ និងខ្មែរ។ គោលការណ៍សកម្មភាពនេះ គឺលោកបណ្ឌិត ផ្តោត​ជា​​សំខាន់ទៅលើសកម្មភាពការងាររបស់​ក្រុមយុវជន​គណ​បក្សប្រជាជន បានធ្វើ​នៅ​​ក្រៅប្រទេស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថា ជាយុវជនបក្សប្រជាជនកម្ពុជា ដែល បានផ្តួចផ្តើមរៀបចំចងក្រងយុវជនបក្សធ្វើសកម្មភាពផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមានដូចជានៅអឺរ៉ុប អាមេរិក អូស្ត្រាលី និងនៅកូរ៉េ ខាង ត្បូង ជាដើម។ តាមរយៈសកម្មភាពទាំងនេះ ធ្វើឱ្យប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅក្រៅ ប្រទេស ជាពិសេសនៅអឺរ៉ុប និងអាមេរិក មានទំនាក់ទំនងល្អ​ជា​មួយប្រទេសកំណើត ហើយក៏បានជ្រូតជ្រាបពីការវិវឌ្ឍន៍​របស់ប្រទេស​កំណើត​របស់​ខ្លួន ហើយក៏បានផ្តល់ការជឿជាក់លើការដឹកនាំរបស់បក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងពិធីសំណេះសំណាល និងជួបជុំប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ក្នុងឱកាសអបអរសារទរមហាសង្ក្រាន្តឆ្នាំថ្មី នាថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញនូវសកម្មភាព ការងារមួយចំនួនដែលក្រុមយុវជនគណបក្សប្រជាជនកម្ពុជា បានធ្វើនៅក្រៅ​ប្រទេស​​នាពេលកន្លងទៅ។

អនាគតមេដឹកនាំកម្ពុជាដ៏មានថាមពល និងបានបញ្ចប់ការសិក្សានៅអាមេរិក និងចក្រភពអង់គ្លេសរូបនេះ បានរំលឹកថា ក្នុងពេលធ្វើសកម្មភាពនៅក្រៅប្រទេស ក្រុមការងាររងការវាយប្រហារយ៉ាងខ្លាំងក្លាពីអ្នកគាំទ្របក្សប្រឆាំង។ ប៉ុន្តែក្រុមការ​ងារប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ អហិង្សា សាមគ្គីភាព និងការ​បង្រួប​បង្រួម​រវាងខ្មែរ និងខ្មែរ ដោយមិនតបតទៅនឹងក្រុមប្រឆាំងវិញនោះឡើយ។

«នៅក្រៅប្រទេសគេវាយប្រហារច្រើនណាស់។ គេថាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនរបស់គណបក្សប្រជាជនកម្ពុជា ទៅដើម្បីបំបែកសហគមន៍ខ្មែរនៅក្រៅប្រទេស។ រឿងនេះមិនពិតទាល់តែសោះ ហើយប្រជាពលរដ្ឋយើងនៅទីនេះជាសាក្សី»។ នេះជាការបញ្ជាក់របស់លោក ហ៊ុ​ន ម៉ាណែត។

តបការចោទប្រកាន់ខាងលើនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សកម្មភាពរបស់ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា គឺបង្ហាញនូវការពិតពាក់ព័ន្ធការអភិវឌ្ឍន៍ប្រទេសជាតិ។ បន្ថែមពីលើនោះ ក្រុមការងារតែងប្រកាន់ខ្ជាប់នូវធម៌អហិង្សា ទោះបីមានការវាយប្រហារពីក្រុម​បក្ស​ប្រឆាំង តែយុវជនបក្សប្រជាជនកម្ពុជាមិនតបតនោះឡើយ។ ជាមួយគ្នានោះ គឺការប្រកាន់ខ្ជាប់នូវគោលការណ៍បង្រួបបង្រួម គឺស្វាគមន៍រាល់ខ្មែរគ្រប់និន្នាការ ដែលចង់ចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា បើទោះបីពួកគេធ្លាប់វាយប្រហារយ៉ាងណាក៏ដោយ។

សម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត គោលការណ៍សាមគ្គី និងការបង្រួបបង្រួមនេះ ជាគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើដើម្បីបង្រួបបង្រួមជាតិ និងបញ្ចប់ការបែកបាក់ជាតិ។ លោកបណ្ឌិត បានណែនាំឱ្យក្រុមការងារបន្តប្រកាន់យកនូវគោលការណ៍មួយនេះ។

លោកបណ្ឌិត បានបង្ហាញការយល់ឃើញរបស់លោកថា ព្រោះតែគោលការណ៍ខាងលើទាំងអស់នេះហើយ ធ្វើបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រនៅក្រៅប្រទេសកាន់តែច្រើនឡើង៕

អត្ថបទដែលជាប់ទាក់ទង