ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន

67

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន និងបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅល្ងាចថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារ​អាហារ​​សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច​នៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ។

ដើម្បីរួមចំណែកដល់ការបង្កើនសម្ទុះនៃការអភិវឌ្ឍសហ-គ្រាសធុនតូចនិងមធ្យម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរ សម្តេចនាយករដ្ឋមន្រ្តី សូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៥ ដូចខាងក្រោម៖

១-សម្តេចលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន និងបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច សំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។

២-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល សម្រាប់លើកកម្ពស់សមត្ថភាពរបស់សហគ្រិន ធុរជន នវធុរជន និងសមត្ថភាពស្ថាប័នរបស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនិងភាពធន់នៃធុរកិច្ច។

៣-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសិក្សាវាយតម្លៃសេចក្តីត្រូវការជំនាញ ដើម្បីអភិវឌ្ឍជំនាញស្របតាមតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាកង្វះជំនាញដែលសហគ្រាសធុនតូច និងមធ្យមបាននិងកំពុងជួបប្រទះ។

៤-ក្រសួងពាណិជ្ជកម្មត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។

៥-គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័ន រៀងៗខ្លួន និងជំរុញការបណ្តុះបណ្តាលមន្ត្រីក្រោមឱវាទឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនធុរជន វិនិយោគិន និងប្រជាជនទូទៅក៏ដូចជាការរួមចំណែកដល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង