ក្រុមការងារ ក្រសួងយុត្តិធម៌ បានចុះទៅសិក្សាស្រាវជ្រារកការពិត លើករណីសំណុំរឿងទាក់ទងនឹងការខ្ចីប្រាក់នៅខេត្តបាត់ដំបង
បាត់ដំបង ៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម រដ្ឋមន្ត្រី , នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារ នៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ រួមនិង ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងរបស់លោកយាយ ប៉ិច ប៊ុន នៅខេត្តបាត់ដំបង ។
ក្នុងការចុះបំពេញការងារនេះ ក្រុមការងារ ក្រសួងយុត្តិធម៌ បានចុះពិនិត្យ សិក្សា និងស្រាវជ្រាវលើឯកសារសំណុំរឿង និងបានសាកសួរភាគីពាក់ព័ន្ធ ព្រមទាំងបានចុះទៅដល់ទីតាំងដីជាក់ស្តែងផងដែរ ដើម្បីស្វែងរកឱ្យឃើញការពិតនៅក្នុងសំណុំរឿង និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច។
ជាមួយគ្នានេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារចុះជួយឃុំអូចារ, ក្រុមការងារក្រសួងយុត្តិធម៌, អាជ្ញាធរមូលដ្ឋាន និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បាត់ដំបងបាននាំយកអំណោយមនុស្សធម៍រួមមាន ថវិកា, ស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារលោកយាយ ប៉ិច ប៊ុន ផងដែរ។
សូមបញ្ជាក់ផងដែរថា តាមរយៈបណ្តាញសារព័ត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះ, លោកយាយ ប៉ិច ប៊ុន អាយុជាង ៨០ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ មេត្តាជួយអន្តរាគមន៍រកយុតិ្តធម៌នៅក្នុងករណីសំណុំរឿងទាក់ទងនឹងការខ្ចីប្រាក់ តាំងពីឆ្នាំ២០០៨។
លោក យាយប៉ិច ប៊ុន អាយុ៨៤ឆ្នាំរស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបាត់បង់ដីស្រែមានផ្ទៃដី៥៦៥១ម៉ែត្រការ៉េ ដោយសារតែមានការក្លែងឯកសារ។ ការបាត់បងដីលោកយាយ តែរឿងចងការប្រាក់ថ្លៃ គឺអត្រាការប្រាក់១០ភាគរយក្នុងមួយខែ។ លោកយាយបានចងការប្រាក់ពីលោកស្រី ជា សៀកហ៊ុ ចំនួន៩៣០០ដុល្លារ។ តើអត្រាការប្រាក់ក្នុងរយ:ពេល១២ខែ ប្រាក់ការមានចំនួនប៉ុន្មាន?(ជាង១៥០០០ដុល្លារ)។
សំខាន់លោកបានយកប្រាក់ដើមទៅសងម្ចាស់បំណុលជាច្រើនលើក ប៉ុន្តែម្ចាស់បំណុលមិនព្រមទទួលជាដាច់ខាត។
លោកយាយ ប៉ិច ប៊ុន អាយុ ៨៤ឆ្នាំ ត្រូវបានសាលក្រមតុលាការ បង្គាប់ឱ្យលោកយាយសង់លុយ តែការអនុវត្តន៍បែរជាកាត់ដីស្រែ របស់លោកយាយទៅឱ្យដើមបំណុលទៅវិញ៕