ឯកឧត្តម លី ធុជ អញ្ជើញបិទវគ្គហ្វឹកហ្វឺន បោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩កង របស់កងទ័ពជើងគោក
បាត់ដំបង ៖ នៅថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០២៣ ពិធីបិទវគ្គហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩កង របស់កងទ័ពជើងគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១ អាជ្ញាធរមីន។
ពិធីនេះបានប្រារព្ធធ្វើនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង យោធភូមិភាគទី៥ នាយកសាលាពលទាហានទី៥ តាមរបាយការណ៍ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ មានសិក្ខាកាម ចំនួន ៦០២នាក់ រយៈពេលសិក្សា ចំនួន ៥២ថ្ងៃ (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣) លទ្ឋផលបញ្ជប់វគ្គដូចខាងក្រោមៈ
និទ្ទេសល្អប្រសើរ ចំនួន ៤៨៩នាក់=៩៨.២០%
និទ្ទេសល្អណាស់ ចំនួន ៨នាក់=១.៦០%
និទ្ទេសមធ្យម ចំនួន ១នាក់=០.២០%
ឯកឧត្តម លី ធុជ បានចាត់ទុកថា វគ្គហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩កង របស់កងទ័ពជើងគោក ដែលបានប្រារព្ធពិធីបិទនាពេលនេះ ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ ក៏ដូចជាការពង្រឹងរចនាសម្ព័ន្ធការងារហ្វឹកហ្វឺន ឲ្យដល់យោធិនក្នុងដំណើរការជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ដើម្បីឲ្យមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងសុវត្ថភាពខ្ពស់ ក្នុងការអនុវត្តន៏កិច្ចការបោសសម្អាតគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ។
ឯកឧត្តម បានបន្ថែមថា ជំនាញបោសសម្អាតគ្រាប់មីននេះ ក៏ធ្វើឲ្យយោធិនយើងបានយល់ដឹងពីការប្រើប្រាស់ឧបករណ៏ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុក ពីសម័យសង្គ្រាម ពិសេសនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា និងម្យ៉ាងវិញទៀត ធ្វើឱ្យយោធិនយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញភារកិច្ច ដើម្បីបម្រើជាតិ និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល លើការងារកសាងអភិវឌ្ឍប្រទេស និងប្រជាជន។
ឯកឧត្តមបានបន្តថា តាមរយៈការផ្តល់នូវចំណេះដឹង ចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ពនាពេលនេះ គឺសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពលើការងារហ្វឹកហ្វឺនជំនាញ ដែលបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។
លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្តខ្ពស់ របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់) និងការសាមគ្គីសហការជាធ្លុងមួយ រវាងស្ថាប័នចំណុះកងទ័ពជើងគោក បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ថ្នាក់ដឹកនាំ នាយ ពលទាហាន គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ បំពេញតួនាទី ភារកិច្ចខ្លួន ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ ទទួលបានជោគជ័យ និងប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់) ដែលបានធានាផ្តល់ឧបករណ៏ សម្ភារៈម៉ាស៊ីនរាវមីន និងបណ្តាឯកសារមេរៀន រួមទាំងបទពិសោធន៏ល្អៗផ្តល់ជូនសិក្ខាកាមងាយយល់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។
ឯកឧត្តម លី ធុជ ក៏បានផ្តាំផ្ញើដល់នាយ ពលទាហាន សិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមអង្គភាពខ្លួន ឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានកាន់តែរឹងមាំ។ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកបានដាក់ចុះ៕