សំណុំរឿងបង្កហិង្សា និងកាប់ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន០៩នាក់ និង០៦នាក់ទៀត កំពុងគេចខ្លួន
ខេត្តបាត់ដំបង៖ ករណីប្រើអំពើហិង្សា និងស្ទាក់កាប់ប្លន់យកម៉ូតូនៅតាមដងផ្លូវ ដែលប្រព្រឹត្តដោយជនអន្ធពាលមួយហ្វូងនៅស្រុកថ្មគោល កាលពីចុងសប្ដាហ៍មុននេះ គិតត្រឹមថ្ងៃទី១២ មេសា កម្លាំងសមត្ថកិច្ចនៃស្នងការខេត្តបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនដៃដល់បានចំនួន០៩នាក់ ខណៈបក្សពួកក្រុមនេះដែលនៅសេសសល់ប្រមាណ០៦នាក់ទៀត សមត្ថកិច្ចកំពុងបន្តតាមប្រមាញ់ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា បានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន០៩នាក់ ដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សា និងអំពើប្លន់ នៅស្រុកថ្មគោល ពេលនេះ ត្រូវកម្លាំងអធិការស្រុកថ្មគោល បញ្ជូនមកកាន់ស្នងការខេត្តហើយ ហើយមន្ត្រីការិយាល័យជំនាញ បាននិងកំពុងបន្តនីតិវិធីត្រៀមបញ្ជូនពួកគេទៅតុលាការ។
លោកស្នងការរងបានបញ្ជាក់ថា ក្រុមនេះមានបក្សពួក
យ៉ាងតិច១៥នាក់ ដែលជាប់សង្ស័យនឹងការប្រព្រឹត្តបទល្មើសចំនួន០២ករណីក្នុងពេលតែមួយនៅស្រុកថ្មគោល គឺ ប្រើអំពើហឹង្សា និង ស្ទាក់កាប់«ប្លន់»យកម៉ូតូនៅតាមដងផ្លូវ។ របាយការណ៏សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ ក្នុងចំណោម១៥នាក់ ដែលត្រូវឃាត់ខ្លួននិងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តនៅពេលនេះមាន ១-ឈ្មោះ វ៉ាន់ ជូ អាយុ១៨ឆ្នាំ ២-ឈ្មោះ ព្រឿន សុខហេង អាយុ១៥ឆ្នាំ ៣-ឈ្មោះ លឹម លីហ៊ាង អាយុ១៦ឆ្នាំ ៤-ឈ្មោះ មឿន សំណាង អាយុ១៦ឆ្នាំ ៥-ឈ្មោះ សិទ្ធ ជីងហ្វុង អាយុ១៨ឆ្នាំ ៦-ឈ្មោះ កៀង វ៉ាន់ណេត អាយុ១៦ឆ្នាំ ៧-ឈ្មោះ ឌី ជីងហ្វូ អាយុ១៧ឆ្នាំ ៨-ឈ្មោះ ឈូន លាងហូវ អាយុ១៧ឆ្នាំ និង ៩-ឈ្មោះ យស់ សូនី អាយុ១៥ឆ្នាំ ។
សូមរំលឹកថា ក្រុមជនសង្ស័យវ័យឈាមរាវមួយហ្វូងខាងលើនេះ ត្រូវបានសមត្ថកិច្ចកំណត់ថា ជាមុខសញ្ញាប្រព្រឹត្តហឹង្សា កាប់អ្នកដំណើររបួស រួចស្ទាក់កាប់ «ប្លន់» យកម៉ូតូជនរងគ្រោះដោយឡែក មួយករណីទៀតដែលកើតឡើងក្នុងពេលតែមួយ កាលពីយប់ថ្ងៃទី៩ មេសា នៅចំណុចខាងសាលាបឋមសិក្សាពពាលខែ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ។
នៅក្នុងសំណុំរឿងនេះ បើយោងតាមព្រឹត្តហេតុរបស់កម្លាំងអធិការស្រុកថ្មគោលបានឲ្យដឹងថា នៅយប់កើតហេតុនោះ ដំបូងក្រុមជនដៃដល់ដែលមានបក្សពួកយ៉ាងតិច១៥នាក់ ជិះម៉ូតូហែរហមគ្នាចំនួន០៥គ្រឿងប្រដាប់ដោយកាំបិត បានជិះតាមស្ទាក់កាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ នៅពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវចេញពីវត្តវាលទ្រា បណ្ដាលឲ្យរងរបួសស្មារខាងស្ដាំ ។
ពេលនោះ ជនរងគ្រោះបានព្យាយាមជិះម៉ូតូរត់ទៅចូលក្នុងសាលាបឋមសិក្សាពពាលខែ ដើម្បីឲ្យគេជួយ។ ប៉ុន្តែស្របពេលជនរងគ្រោះ ជិះចូលដល់ខាងមុខខ្លោងទ្វារសាលារៀន និងខណៈក្រុមចោរហារយកំពុងជិះតាមជនរងគ្រោះយ៉ាងប្រកិតពីក្រោយផង ដូចសកម្មភាពក្រុមក្មេងទំនើងនេះ ស្រាប់តែមានយុវជន០៣នាក់ ជិះម៉ូតូឌុបគ្នាចេញពីសាលា ក៏ពើបប្រទះនឹងក្រុមចោរមួយហ្វូងនោះ ហើយក៏ត្រូវក្រុមចោរវ័យក្មេងនេះ ស្ទាក់កាប់ និង ប្លន់យកម៉ូតូតែម្ដង។
ពោល គឺជនរងគ្រោះទី១បានរត់រួចផុតជីវិត តែមកគ្រោះថ្នាក់រហូតបាត់បង់ម៉ូតូរបស់ជនរងគ្រោះទី២។ ប៉ុន្តែយ៉ាងណា ក្រុមជនរងគ្រោះទី២ នេះមិនមានរងរបួសទេ តែត្រូវក្រុមចោរហារយប្លន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ចិត ចិនសា ប្រុសអាយុ១៧ឆ្នាំ។ ស្ថិតក្នុងស្ថានភាពដ៏ច្របូកច្របល់នាពេលនោះ កម្លាំងអធិការស្រុកថ្មគោល បានចុះអន្តរាគមន៍ និងឃាត់ខ្លួនបក្សពួកក្រុមចោរហារយនេះបានម្នាក់ភ្លាមៗ ថែមទាំងដកហូតបានកាំបិត០១ដើមផងដែរ។
ជាមួយគ្នានោះ លោកស្នងការខេត្ត ក៏បានចេញបញ្ជាភ្លាមៗឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះសហការជាមួយកម្លាំងជំនាញ អធិការស្រុកថ្មគោល ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបក្សពួកក្រុមចោរនេះបានចំនួន៩នាក់ជាបន្តបន្ទាប់ ក្នុងចំណោមបក្សពួកប្រមាណ១៥នាក់។
លោក លឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌបាននិយាយថា ពេលនេះយើងឃាត់ខ្លួនបក្សពួកជនសង្ស័យបានចំនួន៩នាក់ហើយ តែនៅសេសសល់ប៉ុន្មាននាក់ទៀត កម្លាំងជំនាញកំពុងបន្តតាមស្វែងរកនៅឡើយ៕