ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរ ស្ដីពីការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣

66

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ»។ នេះបើតាមសារាចរ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

បើតាមសារាចរ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(Technical Vocational Education and Training) ហៅថា ធីវេទ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “TVET ផ្ដល់ជំនាញនិងការងារសមរម្យ” ឱ្យស្របតាមបរិបទនៃសង្គម បច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ ទន្ទឹមនឹងនេះ ដើម្បីឱ្យការរៀបចំ ទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម ស្របទៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងការរៀនរស់ ជាមួយជំងឺកូវីដ-១៩ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖ ១. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ ដោយអនុវត្តឱ្យបាន ត្រឹមត្រូវតាមវិធានការសុខាភិបាល។ ទន្ទឹមនឹងនេះ ត្រូវរៀបចំផលិតជាវីដេអូនិងខ្លឹមសារឯកសារ ផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។ ២. ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា
ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣តាមអង្គភាពរៀងៗខ្លួន។
៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមសហការនិងគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ ធ្វើការផ្សព្វផ្សាយទិវាជាតិលើកទី៦ ឆ្នាំ២០២៣ នេះ ឱ្យកាន់តែផុលផុសនិងគ្រប់មធ្យោបាយ ដូចជា ការចងពាក្យស្លោក បដានៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។
៤. រដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដី របស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានផងដែរ។
៥. ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។ ៦. ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំចងបដា ពាក្យស្លោក នៅតាម អង្គភាពនិងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ TVET ផ្តល់ជំនាញនិងការងារសមរម្យ!
TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ TVET ជំនាញពិត ជីវិតប្រសើរ
TVET ជាសសរស្ដម្ភមួយនៃកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ
TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត
ស្ត្រីនិងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដែរ! TVET ដើម្បីទាំងអស់គ្នា
រាជរដ្ឋាភិបាលសូមអំពាវនាវដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិ ទាំងអស់ សូមចូលរួមនិងផ្សព្វផ្សាយទិវាជាតិនេះ ឱ្យបានផុលផុស ឱឡារិក អធិកអធម នៅទូទាំងប្រទេស។ ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមាន ប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង