រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ,អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ, កងកំលាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ បញ្ជសក័ ព.ស២៥៦៧។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតី នាឱកាសនោះបានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឲ្យមានសេចក្តីសុខចំរុងចំរើននិងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើងក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភណ្ឌភាព ក្នុងរាជធានីភ្នំពេញផងដែរ។ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃឧបទ្រពទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មីព្រះនាមកិមិរាទេវី ដែលជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
សង្គ្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័កព.ស២៥៦៧ បានចូលមកដល់នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៤មេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ ជាមួយគ្នានេះសង្គ្រាន្តវត្តភ្នំក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឡើងយ៉ាងអធិកអធមក្រោយពីអាក់ខាន មិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នាដោយសារការរីករាលដាល នៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ -១៩។ ការរីករាលដាលនៃជំងឺកូវីដ.១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកស្រី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិព័រណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៏ជាតិជាច្រើន។មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយមានទាញព្រ័ត្រ, លោតបាវ,ចោលឈូង, បោះអង្គញ់,លាក់កន្សែង និងរាំកំសាន្តជាដើម ។ ក្នុងសង្គ្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកំសាន្តដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនបានអញ្ជើញទៅស្រុកកំណើត ឬមិនបានទៅលេងទីឆ្ងាយបានមកលេងកំសាន្តនៅទីនេះ ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ យើងបានសប្បាយរីករាយគឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជា កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្កេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃគឺថ្ងៃទី១៤.១៥.១៦មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវវ័យ សិស្ស និស្សិត កម្មករកម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៏,ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គីភ័យដោយ ប្រុងប្រយត្ន័ចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស,ចរន្តអគ្គីសនីជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មីក៏បានបញ្ជាក់ឲ្យយើងដឹងគ្រប់គ្នាផងដែរថា៖ អាយុកាលរបស់យើងម្នាក់ៗចេះតែរំកិលទៅមុខឥតឈប់ឈរ ពេលវេលាមិនរងចាំយើងទេ។ ដូច្នេះទាមទាឲ្យបុគ្គលគ្រប់រូបប្រតិបត្តិតែអំពើល្អ អំពើជាកុសលសម្រាប់ខ្លួនយើង សំរាប់ក្រុមគ្រួសារ សម្រាប់អ្នកដទៃ និងសំរាប់សង្គមជាតិទាំងមូលក្រោមម្លប់សន្តិ ភាព បើគ្មានសន្តិភាពក៏គ្មានការជួបជុំសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរដូចពេលនេះដែរ ។ ដូច្នេះសន្តិភាពគឺមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ គ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍន៍នោះដែរ៕