អាជ្ញាធរជាតិព្រះវិហារ ចុះសិក្សាឈ្វេងយល់ពីសីល្បៈប្រាសាទ វប្បធម៏ ដើម្បីពង្រឹងសមត្ថិភាពអភិរក្ស បន្ថែមការជួសជុលប្រាសាទព្រះវិហារ
ព្រះវិហារ៖ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ អមដោយអនុប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីបច្ចេកទេស នៃគម្រោងអភិរក្ស និង ជួសជុលជណ្តើរបុរាណខាងជើងប្រាសាទ ព្រះ វិហារ និងមន្ត្រីបច្ចេកទេសរមណីយ ដ្ឋានកោះកេរ ធ្វើទស្សនកិច្ចសិក្សា នៅតាមការដ្ឋានអភិរក្ស និង ជួសជុលប្រាសាទមួយចំនួននៅខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដំណើរទស្សនៈកិច្ចនេះ បានប្រព្រឹត្ដកាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ ។
ដំណើរទស្សនកិច្ចសិក្សានេះក៏បានទទួលការ ឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាម៉េរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fundfor Cultural Preservation – AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
គោលបំណង នៃទស្សនកិច្ចសិក្សានេះ គឺដើម្បីឈ្វេងយល់ពីការរៀបចំ ការគ្រប់គ្រងការដ្ឋាន បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទ ប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មសំណង់បុរាណ ដើម្បីពង្រឹង សមត្ថភាពបន្ថែមលើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស ដែលកំពុងអនុវត្តន៍ការងារ នៅរមណីយដ្ឋានប្រាសាទ ព្រះវិហារនិងកោះកេរ ។ ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃនេះ ក្រុមមន្ត្រីបច្ចេក ទេស នៃអាជ្ញាធរជាតិព្រះវិហារ បានទទួលនូវបទពិសោធន៍ល្អៗជាច្រើន អំពីការរៀបចំការ ដ្ឋាន បច្ចេកទេសអភិរក្សនិងជួសជុលប្រាសាទ ឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ នៅការដ្ឋានប្រាសាទភ្នំដា និងភ្នំជីសូរ្យ នៅក្នុងខេត្តតាកែវ ការដ្ឋានសំបូរព្រៃគុកនៅខេត្តកំពង់ធំ ការដ្ឋានប្រាសាទមេបុណ្យខាងលិច និងប្រាសាទចៅស្រីវិបុល នៅខេត្តសៀមរាប។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកអគ្គនាយកអាជ្ញាធរជាតិ អប្សរា ឯកអគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុកនិងថ្នាក់ ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេទាំងអស់ ដែល បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់មន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិ ហារ ដើម្បីយកមកបម្រើការងារក្នុងការអភិរក្ស និងជួសជុល បេតិកភណ្ឌ ៕ . សំរិត
