ឆក់ទូរស័ព្ទភ្លាមៗ កម្លាំងនគរបាលព្រហ្មទណ្ឌ ដេញចាប់បាន២នាក់ បញ្ជូនទៅកាន់តុលាការ
ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១និង១៥នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ (ជនបរទេស) ដែលកំពុងជិះម៉ូតូ២នាក់បានសម្រេច ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបឃាត់ជនសង្ស័យចំនួន០២នាក់ រួមមាន៖
១. ឈ្មោះ ហ៊ឹម លាងហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅអគ្គិសនី ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(អ្នកបើក)។
២.ឈ្មោះ រិន រី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីកន្លែងស្នាក់នៅ ជួលផ្លូវលេខ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(ដៃដល់)។
សម្ភារៈដកហូតមាន៖ ១.ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1KB-5998(របស់ជនសង្ស័យ) ២.ទូរស័ព្ទដៃអាយហ្វូន១៣(របស់ជនរងគ្រោះ)។ ទូរស័ព្ទខាងលើ កម្លាំងជំនាញបានប្រគល់ឲ្យនារីរងគ្រោះជនបរទេសវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើកម្លាំងការិយាល័យជំនាញ បាននាំមកដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
