ព្រោះរឿងជំពាក់លុយ កូនបំណុលចាក់សម្លាប់ ម្ចាស់បំណុល
ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និង ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាត.កម្ម ដោយធ្វើសកម្មភាពបន្ទាប់ពី ចាក់សម្លាប់ស្រ្តីរងគ្រោះម្នាក់ត្រូវជាម្ចាស់បំណុល បណ្តាលឲ្យស្លាប់នៅក្នុងចម្ការស្លឹកគ្រៃ ប្រព្រឹត្តកាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣ នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៣ ករណីឃាតកម្មចាក់សម្លាប់រវាងកូនបំណុល នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោយពីកើតហេតុកាលពីយប់ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៣។
ប៉ូលិស បាននាំខ្លួនជនសង្ស័យ រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះនាំយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សពជនរងគ្រោះ ត្រូវបានជនសង្ស័យយកកាំបិតចុងស្រួច ចាក់ចំនួន ៦ កាំបិត បណ្តាលឲ្យបាត់បង់ជីវិតក្នុងចម្ការស្លឹកគ្រៃ ។
នៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ,កាំបិតចុងស្រួច ដងពណ៌ខ្មៅផ្លែប្រវែង ២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន ១ ស្បែកជើងស៊ក១ចំហៀងពណ៌ខ្មៅ ។
តាមការស្រាវជ្រាវ ដល់ថ្ងៃទី០២ ខែឧសភា ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះនាំយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិត ក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ច។
បច្ចុប្បន្ន, ស្រ្តីសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
