ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃនាយកច្រានចោល ការបកស្រាយរបស់ជន ប៊ុត ប៊ុនតិញ ដែលមួលបង្កាច់ប៉ះពាល់កិត្តិយសសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងគោរមងារ ពុទ្ធមាមកភិបាល

90

ភ្នំពេញ៖ គណៈសង្ឃនាយកកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយក្នុងន័យ ច្រានចោលការបកស្រាយ ផ្ដេសផ្ដាសរបស់ជនរត់ចោលស្រុក ប៊ុត ប៊ុនតិញ ដែលមួលលបង្កាច់ប៉ះពាល់ដល់កិត្តិយសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការទទួលបានគោរមងារ «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។

គណៈសង្ឃនាយកបានបញ្ជាក់ថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារ នៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរព ស្រឡាញ់រាប់អានព្រះពុទ្ធសាសនា។

គណៈសង្ឃនាយកបានចាត់ទុកបុគ្គល ប៊ុត ប៊ុនតិញ នេះជាទុព្វចជាតិកបុគ្គល (បុគ្គលរបឹងរឹងរូសជាអ្នកប្រដៅក្រ) យល់ខុសដោយខ្លួនឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះដឹងផ្នែកភាសាបាលី តែបែរជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល។

ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជាបានប្រកាសជាចំហ និងដាច់អហង្ការថា បុគ្គល ប៊ុត ប៊ុនតិញ នេះ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗគ្រប់រូបភាព។

គណៈសង្ឃពុទ្ធសាសនាកម្ពុជា មិនទទួលស្គាល់បុគ្គលនេះជាបព្វជិតតទៅទៀតឡើយ ដោយចាត់ទុកបុគ្គលនេះនៅក្រៅសហគមន៍សង្ឃខ្មែរចាប់ពីពេលនេះតទៅ ព្រោះបុគ្គល ប៊ុត ប៊ុនតិញ នេះធ្លាប់បានប្រមាទកាតទៀនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះមហាថេរផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំប្រទេស មានសម្ដេចតេជោជាដើម៕

អត្ថបទដែលជាប់ទាក់ទង