ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច និងពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ ដែលបំពេញទស្សនកិច្ច

151

ភ្នំពេញ៖ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅដល់វិមានសន្តិភាពហើយ ដោយមានការទទួលបដិសណ្ឋារកិច្ចដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនេះ សម្តេចតេជោ ហ៊ុន សែននិងលោកបណ្ឌិត ថងលុន ស៉ីសុលីត ក៏បានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។

 តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៤ ដល់ទី ០៦  ខែឧសភា ឆ្នាំ ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។

ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។
ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែល ជាក្តីបារម្ភរួម។

ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម រតន កោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន ពិការ អាស៊ាន លើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹង ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង