ឃាត់ខ្លួនជនសង្ស័យពីរនាក់ ធ្វើសកម្មភាពក្នុងការជិះម៉ូតូ លួចគាស់ផ្ទះនិងលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមភូមិ
ខេត្តកំពង់ធំ ៖ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ មានករណីប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំពង់ស្វាយ ចោរចូលគាស់ផ្ទះ គាស់ហាង លួចសម្ភារ: នៅចំណុច ភូមិថ្នល់បែក ឃុំ ត្រពាំងឬស្សី ចំនួន ០២ បណ្ដឹង និង ចំណុចភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ចំនួន ០២ បណ្ដឹង កម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយ សហការជាមួយ កម្លាំងព្រហ្មទណ្ឌខេត្ត ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ ពីលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំ ធ្វើការស្រាវជ្រាវនិងបង្ក្រាបបានជនសង្ស័យចំនួន ០២នាក់ ទី០១ ឈ្មោះ អុល សំអូន ភេទ ប្រុស អាយុ ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរសាលា ឃុំ កំពង់ស្វាយ ស្រុក កំពង់ស្វាយ ទី០២ ឈ្មោះ ហ៊ន ស្រីពេជ្រ ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិព្រែកស្បូវសង្កាត់អូរកន្ធរ អ្នកទាំងពីរជាសង្សារនឹងគ្នា បានជួលបន្ទប់ស្នាក់នៅក្នុងភូមិ ទី ០៦ សង្កាត់ កំពង់ធំ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មគាស់ផ្ទះលួច សម្ភារៈបងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទាំងពីរ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពក្នុងការជិះម៉ូតូលួចគាស់ផ្ទះនិងលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមភូមិជាច្រើនលើកច្រើនសារ។
ជាក់ស្ដែងក្រោយពីបង្រ្កាបកម្លាំងជំនាញបានរកឃើញវត្ថុតាង រួមមាន:
១_កុំព្យូទ័រចំនួន ២ គ្រឿង
២_ទូរសព្ទដៃចំនួន ១៤ គ្រឿង
៣_អេក្រង់បិទទូរសព្ទចំនួន ២០ សន្លឹក
៤_កញ្ចក់បិទអេក្រង់ទូរសព្ទចំនួន ២៦ សន្លឹក
៥_speaker ចំនួន ៣
៦ _លោហ:ធាតុពណ៌លឿងចំនួន ៣ខ្សែ បន្តោងដាំត្បូងចំនួន ៤ ចិញ្ចៀនចំនួន ៣ វង់ ម៉ូតូ ០១គ្រឿង ប្រាក់រៀលចំនួន ២៣ ម៉ឺនរៀល។
កម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការ និងវត្ថុតាងមួយចំនួន យើងបានប្រគល់ជូនប្រជាពលរដ្ឋវិញ ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំទាំងមូលសូមធ្វើការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់បងប្អូន។
បើសិនជាមានបទចោរកម្មឬបញ្ហាអ្វីផ្សេងៗសូមបងប្អូនឆាប់រាយការណ៍មកកងរាជអាវុធហត្ថខេត្តកំពង់ធំ៕