កិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ជាមួយស្ថាប័នគរបាលអន្តរជាតិ (INTERPOL)
ភ្នំពេញ ៖ លោក Becem Hassen អ្នកជំនាញផ្នែកប្រតិបត្តិការនៃមជ្ឈមណ្ឌលត្រៀមសម្របសម្រួល (Command and Coordination Center) និងដឹកនាំបញ្ជាប្រចាំទីបញ្ជាការ INTERPOL នៅតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការប្រកបដោយភាពហ្មត់ចត់របស់សមត្ថកិច្ចកម្ពុជា សម្រាប់ការពារព្រឹត្តិការណ៍។
ការលើកសរសើររបស់នគរបាលអន្តរជាតិ INTERPOL បានធ្វើក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការល្អរវាងនគរបាលជាតិកម្ពុជា និងស្ថាប័ននគរបាលអន្តរជាតិ អគ្គលេខាធិការនគរបាលអន្តរជាតិ បានចាត់បញ្ជូនលោក Becem Hassen ដើម្បីចូលរួមសហការ ពិគ្រោះយោបល់លើកិច្ចការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
នៅក្នុងជំនួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន, លោក Becem បានថ្លែងថា លោកពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងកិច្ចការដ៏សំខាន់មួយនេះ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការប្រកបដោយភាពហ្មត់ចត់របស់សមត្ថកិច្ចកម្ពុជា សម្រាប់ការពារព្រឹត្តិការណ៍ ពិសេសការបញ្ជាដឹកនាំកម្លាំងចម្រុះ ប្រកបដោយការឯកភាព។
លោក Becem Hassen បានបន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជានឹងត្រូវបានធានាសុវត្ថិភាពទាំងស្រុងតែម្តង៕