ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង សូមឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឲ្យបានច្រើន និងទូលំទូលាយ ពីការពិតនៅប្រទេសកម្ពុជា

59

 

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានសូមឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឲ្យបានច្រើន និងទូលំទូលាយពីការពិតនៅប្រទេសកម្ពុជា ពិសេសផ្សព្វផ្សាយអំពើល្អរបស់សម្តេចតេជោហ៊ុន សែន និងអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមកនិងបាននឹងកំពុងធ្វើនៅពេលនេះ។

ការស្នើឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសសាខាគណបក្សរបស់ក្រុមហ៊ុន ហង្សមាសគ្រុប ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុប ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជា និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាជាង២០០នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យបានច្រើនពីការពិតនៅកម្ពុជា ថាតើប្រទេសកម្ពុជាបានហែលឆ្លងការលំបាកអ្វីខ្លះ យើងបានប្រឹងប្រែងធ្វើអ្វីខ្លះ រហូតធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកម្រើនរហូតមកដល់ពេលនេះ ហើយនរណាជាអ្នកដឹកនាំប្រទេសមួយនេះឲ្យមានការអភិវឌ្ឍរីកចម្រើន នោះគឺសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ការបង្ហាញឲ្យឃើញពីអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន វានឹងធ្វើអោយប្រជាពលរដ្ឋ គោរពស្រលាញ់ នាំឲ្យកម្ពុជា ឈានទៅសម្រេចគោលដៅរបស់ខ្លួន នោះគឺជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៃរបបនោះ។

សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកស្វែងរកសន្តិភាពនិងការអភិវឌ្ឍជូនជាតិ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពអោយបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសអោយរីកចំរើនជឿនលឿនបាន ។ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្ស
ប្រជាជនកម្ពុជា ។ លោកសូមឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។

គួរបញ្ជាក់ថា៖ ពិធីប្រកាសសាខាគណបក្សរបស់ប្រព័ន្ធផ្សព្វផ្សាយទាំង៤ស្ថាប័នខាងលើនេះ រួមមាន៖
ក្រុមហ៊ុន ហង្សមាសគ្រុបចំនួន៨៦រូប ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុបចំនួន៨២រូប ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ ចំនួន ២៧រូប សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជា ចំនួន២៨រូប សរុបចំនួន ២២៣រូប៕

អត្ថបទដែលជាប់ទាក់ទង