កម្លាំងនគរបាលព្រហ្មទណ្ឌ បង្រ្កាបជនសង្ស័យចំនួន០៤នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសម្នាក់ដែលកំពុងជិះម៉ូតូតែមិនបានសម្រេច
ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០៖៥១នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ចុះល្បាតដោយផ្ទាល់តាមដងផ្លូវលេខ៩៥កែងផ្លូវលេខ៣២០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលកំពុងជិះម៉ូតូតែមិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញរហូត ឃាត់ជនសង្ស័យបាន ចំនួន០២នាក់ នៅត្រង់ចំណុចសក្យមុនីចេតិយចាស់ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានឈ្មោះ៖
១. ឈ្មោះ ទូ សុភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ៩៣ ផ្លូវ លេខ១៩៩ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(អ្នកបើក)។
២.ឈ្មោះ ម៉ក់ ដាណាម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ មិនចាំលេខ ផ្លូវលេខ២៧១ ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)។
រួចកម្លាំងជំនាញបន្តប្រដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀតនៅត្រង់ចំណុចមុខសួនវត្តបុទុមវត្តីផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានឈ្មោះ៖
១. ឈ្មោះ យ៉ន អីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បិទគូថ)។
២. ឈ្មោះ ចាន់ ជ័យសិរីមង្គល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ ទី២ ខណ្ឌបឹងកេង រាជធានីភ្នំពេញ (បិទគូថ)។
សម្ភារៈដកហូតមាន៖១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ២.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយទឹកក្រូច ។
ក្រោយពីកម្លាំងជំនាញបានធ្វើការសាកសួររួចមក ជនសង្ស័យទាំង០៤នាក់ខាងលើ បានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេច ពីបុរសម្នាក់ខាងលើប្រាកដមែន ។
បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕