កម្លាំងសមត្ថកិច្ច បង្រ្កាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណះ
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ដែលធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការបទល្មើសក៏ដូចទប់ស្កាត់ការពារសុវត្ថិភាពប្រជាពលរដ្ឋ ក៏ប្រទះឃើញក្មេងទំនើង មួយក្រុម មានចំនួន៨នាក់ ជិះម៉ូតូ៤គ្រឿង តែមានម៉ូតូ១គ្រឿងគ្នា ២នាក់ ម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១IH-៩៧៧១ (ពាក់ព័ន្ធនិងបង្ហោះម៉ូតូ) ធ្វើការយកមកប៉ុស្តិ៍ ដើម្បីសាកសួរនាំហេតុការកើតឡើង កាលវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានប្រាប់ថា យោងតាមការណែនាំឯកឧត្ដម ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងតាមមូលដ្ឋានផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលធ្វើការល្បាត ហើយជាក់ស្ដែងនៅល្ងាចនេះ ប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក សហការជាមួយផ្នែកជំនាញខណ្ឌ បានល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសក្មេងទំនើង ដែលបង្កបង្ហោះម៉ូតូតាមដងផ្លូវប៉ះពាល់ផ្លូវសាធារណៈ និងអាចគ្រោះថ្នាក់យថាហេតុណាមួយ ចំពោះប្រជាពលរដ្ឋ លុះកម្លាំងល្បាតបានប្រទះឃើញក្មេងទំនើង មានចំនួន៨នាក់ម៉ូតូ៤គ្រឿង តែម៉ូតូ១គ្រឿងគ្នា ២នាក់ កំពុងតែបង្ហោះម៉ូតូ ម៉ាកស្គុបពី ចំនួនម៉ូតូ៣គ្រឿងទៀត មិនបានបង្ហោះ គ្រាន់តែជិះតាមក្រោយ រួចកម្លាំងសមត្ថកិច្ច បានធ្វើការដេញតាមឃាត់យុវជន២នាក់ ដែលបង្ហោះម៉ូតូបានភ្លាមៗ ចំណែកមិត្តភ័ក្រ្តចំនួន៦នាក់ ៣ម៉ូតូ បើករត់គេចបាត់អស់ ណាមួយមិនពាក់ព័ន្ធករណីបង្ហោះម៉ូតូទេ ហើយក៏នាំយុវជន២នាក់ មកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។
លោកអធិការខណ្ឌបន្តថា ក្រោយពីប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក សាកសួរនាំក្មេងទំនើងទាំង២នាក់ ចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាព ខ្លួនពិតជាបានជិះម៉ូតូបង្ហោះពិតមែន និងទទួលកំហុស សុំទោសមហាជន និងសមត្ថកិច្ច និងសូមសន្យាមិនអោយមានលើកទី២ទេ ប្រសិនមានលើកទី២ អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានទាក់ទងទៅគ្រួសារ ឪពុកម្ដាយក្មេងប្រុស ទាំង២នាក់អោយមកធ្វើលិខិតធានា និងស្ដាប់ចំលើយកូនប្រុស ពីកំហុសជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈរួច និងអោយប្អូនប្រុសទាំង២ ទទួលពិន័យ គឺដោះកង់ម៉ូតូខាងមុខ រួចទាំង២នាក់ លើកកង់មុខ និងនិយាយស្រែកអោយខ្លាំងៗ សូមបងៗ ឬប្អូន កុំយកគំរូតាមខ្ញុំ ខ្ញុំទាំង២នាក់ សូមឈប់បង្ហោះម៉ូតូទៀតហើយ ចុងក្រោយគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់ សូមអរគុណដល់សមត្ថកិច្ច ដែលបានលើកលែងអោយកូនប្រុសគាត់ និងយកទៅវិញ ដើម្បីអប់រំបន្ថែមទៀត ក៏មិនអោយមានលើកទី២ដែរ សូមជូនពរសមត្ថកិច្ចកម្លាំងថ្នាក់ដឹងនាំអោយមានសុខភាពល្អទាំងអស់គ្នា ៕