ក្រសួងការងារ ប្រកាសណែនាំស្ដីពីវិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករ និយោជិតក្នុងករណីមានគ្រោះថ្នាក់ជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះប ណ្ដាល វិជ្ជាជីវៈ ប្រកាសណែនាំស្ដីពីវិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករ និយោជិតក្នុងករណីមានគ្រោះថ្នាក់ជំនន់ទឹកភ្លៀង។ នេះបេីយោង សេចក្ដី ណែនាំ របស់ ក្រសួង ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែល ទើប ទទួល បាន នៅព្រឹកថ្ងៃពុធទី ១៨ ខែតុលា ឆ្នាំ ២០២៣។
នៅក្នុង សេចក្ដីណែនាំ របស់ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្ដីពីការងារឱ្យបានជ្រាបថា ដើម្បីបង្ការហានិភ័យដែលអាច នឹងកើតមានឡើងជាយថាហេតុដោយសារគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រដែលមានរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖ ក. មា្ចស់ ឬនាយករោងចក្រ សហគ្រាស-១. ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ -២. រៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករ និយោជិតក្នុងករណីមានទឹកជំនន់។
-៣. ត្រូវធ្វើការត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុ ណាមួយ។ -៤. ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះមានជាអាទិ៍ ក្នុងករណី លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។
-៥. ត្រូវទុកដាក់វត្ថុធាតុដើម សម្ភារសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមាន សុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។ -៦. ត្រូវរៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។
-៧. ត្រូវត្រៀមស្បៀងអាហារ និងទឹកស្អាត សម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំក្រុម ជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងរោងចក្រ សហគ្រាស នៅពេល មានទឹកជំនន់។ -៨. ត្រូវអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារ សុវត្ថិភាពកម្មករនិយោជិតនៅពេលមានទឹកជំនន់កើតឡើង។ ៩. ត្រូវចូលរួមអនុវត្ដ ឱ្យបានហ្មតចត់ តាមវិធានការរបស់អាជ្ញាធរ មូលដ្ឋាន និងវិធានការនានារបស់ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណី មានការណែនាំជាក់ស្តែង។
-១០.ត្រូវត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណរោងចក្រ សហគ្រាស និងធ្វើអនាម័យបង្គន់ឡើងវិញក្រោយពេលទឹកជំនន់។ *ខ. កម្មករនិយោជិត -១. ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនមានជាអាទិ៍ ឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំ។ -២. ត្រូវចូលរួមអនុវត្តជាចាំបាច់តាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។
-៣. ត្រូវផ្ដល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួន ទៅកាន់និយោជកជាប្រចាំក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
-៤. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការអនាម័យសុខាភិបាល និងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្ដីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់។ -៥. ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណី មានការណែនាំជាក់ស្តែង។
ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតត្រូវជូនដំណឹងមកក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ “១២៩៧២ ឬក្រុមតេឡេក្រាម “សម្រាប់និយោជក” https://t.me/EmployerChat ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត- https://t.me/KhmerWorkerChat និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករ និយោជិតក្នុងអំឡុងពេលមានទឹកជំនន់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក សហគ្រាស និងកម្មករនិយោជិតទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះបានត្រឹមត្រូវ និងធានាបានប្រសិទ្ធភាពខ្ពស់ ៕ សំរិត