ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ នៅស្រុកកូនមុំ, ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

48

 

រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ ដោយប្រើពូថៅនៅស្រុកកូនមុំនោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានបញ្ជាក់ថា ជនសង្ស័យជាប្អូនប្រុសបង្កើតស្រ្តីរងគ្រោះ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពសម្លាប់បងបង្កើត និងបងថ្លៃរួច បានជិះម៉ូតូគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បញ្ជាក់ថា មូលហេតុគឺមានទំនាស់ក្នុងគ្រួសារ។

បើតាមលោកឧត្តមសេនីយ៍ស្នងការរង, ជនដៃដល់ត្រូវបានកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុក និងនគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣៖៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបចាប់ខ្លួនបាននៅចំណុចអូរកញ្ជាន់ ឃុំតឺន ស្រុកកូនមុំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

ជនរងគ្រោះទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករស្លាប់កន្លែងកើតហេតុ។ ទី២៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ) ស្លាប់កន្លែងកើតហេតុ។ អ្នកទាំង២មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី៕

អត្ថបទដែលជាប់ទាក់ទង