ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ឡាវ និងវៀតណាម (CLV) រួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់

38

ភ្នំពេញ៖ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពី “តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA JCC) ថ្នាក់រដ្ឋមន្ត្រីលើកទី១៣” ដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្មកម្ពុជា នៅខេត្តអត្តពើ ប្រទេសឡាវពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មាធិការសន្តិសុខ និងការបរទេសនៃ គណៈកម្មាធិការ CLV-DTA JCC បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការសន្តិសុខ និងការបរទេស លើកទី១២ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ក្នុងអំឡុងពេលកិច្ចប្រជុំលើវិស័យសន្តិសុខ និងការបរទេស ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលរួមមាន៖ ការទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងលើកអំពីកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយភាពប្រឈមនានាដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជន ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូល CLV លើកទី១១ និងអនុស្សារណៈយោគយល់ស្តីពីការបង្កើតគោលនយោបាយអនុគ្រោះពិសេសសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

គួរកត់សំគាល់ថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពី “តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA JCC) ថ្នាក់រដ្ឋមន្រី្តលើកទី១៣” បានឯកភាពរៀបចំបញ្ចប់ផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ធកិច្ចសង្គម នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រហូតដល់ឆ្នាំ២០៣០ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល CLV-DTA លើកទី១២ ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ដើម្បីពិនិត្យ និងអនុម័ត។

អត្ថបទដែលជាប់ទាក់ទង