ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ៖ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ

53

ស្វីស៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួប ពិភាក្សាការងារជាមួយ លោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីលើកកម្ពស់វិធីសាស្រ្តសហប្រតិបត្តិការក្នុងការងារ ដោះស្រាយការចោទប្រកាន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាដែលកំពុងបន្ត និងពង្រឹងការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនចំពោះគោលការណ៍នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស នាថ្ងៃទី០៥ មីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិកគណៈកម្មការអនុលោមភាព រួមមានប្រទេសកម្ពុជា អាល្លឺម៉ង់ ន័រវេស្ស និងប្រទេសប៉េរូ រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC) ។

ឯកឧត្ដម លី ធុជ បានបន្ដថា៖ ប្រទេសអ៊ុយក្រែនដែលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ត្រូវបានចោទប្រកាន់មិនបានអនុវត្តតាមបទដ្ឋានអនុសញ្ញា និងបានប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី និងបានពិនិត្យមើលការអនុលោមតាមច្បាប់របស់អ៊ុយក្រែនជាមួយអនុសញ្ញាអូតាវ៉ា ដោយផ្តោតលើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលើការប្រើប្រាស់មីនប្រឆាំងមនុស្ស ធានានូវតម្លាភាព និងព័ត៌មានលម្អិតអំពីកិច្ចខិតខំប្រឹងប្រែង និងបញ្ហាប្រឈមនានា សម្រាប់ត្រៀមកិច្ចប្រជុំអន្តរកាលនាពេលខាងមុខ។ អង្គប្រជុំ បានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការដោះមីននៅប្រទេសអ៊ុយក្រែន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ តម្លាភាព បទដ្ឋាន និងគោលការណ៍នៃអនុសញ្ញា ដើម្បីស្តារឡើងវិញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការក្រោមអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស។ ជាមួយគ្នានោះ ប្រទេសអ៊ុយក្រែន បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះសន្តិភាព សន្តិសុខ និងមនុស្សជាតិជាសាកល ដោយបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិជាច្រើនលើសពីអនុសញ្ញាអូតាវ៉ា៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង