ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនមន្ត្រីយោធា និងពលរដ្ឋ ១៣ គ្រួសារ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន

86

ព្រះវិហារ ៖ ក្រុមគ្រួសារមន្ត្រីយោធា និងប្រជាពលរដ្ឋប្រមាណ១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយបុគ្គលឈ្មោះ ឃុត វី ស្ថិតនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមុខដោះស្រាយដោយផ្ទាល់។

បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីខាងលើនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាជំនួយការពីររូប គឺលោក កែវ ផុង និងលោក គង់ លីវ៉ា ចុះទៅកាន់ខេត្តព្រះវិហារ ធ្វើការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវលំអិតទៅលើបញ្ហាខាងលើ។

លោក គីម រិទ្ធី បានអញ្ជើញគ្រួសារយោធាន និងប្រជាពលរដ្ឋទាំង១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនមកជួបជជែកពិភាក្សាដោយផ្ទាល់។ បន្ទាប់ពីជជែក និងសាកសួរព័ត៌មានលំអិតហើយនោះ លោកអភិបាលខេត្ត បានធានាអះអាងទៅកាន់គ្រួសារយោធា និងប្រជាពលរដ្ឋទាំង១៣គ្រួសារ នឹងមិនឱ្យមានអនុវត្តន៍ផ្លូវច្បាប់ណាមួយលើពួកគាត់ ហើយក៏នឹងរិះរកវិធីបញ្ចប់រឿងក្តីទាំងឡាយជាមួយក្រុមហ៊ុនផងដែរ។

បន្ថែមពីលើនោះ លោកអភិបាលខេត្ត ក៏បានអះអាងដែរថា នឹងជជែកជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាភាគីក្រុមហ៊ុន ដើម្បីកាត់ឆ្កៀលដីមានវិវាទជូនប្រជាពលរដ្ឋ ហើយឈានទៅធ្វើប្លង់រឹងជូនពួកគាត់។

តំណាងឱ្យប្រជាពលរដ្ឋមានបញ្ហាដីធ្លីខាងលើនេះ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មន្ត្រីយោធាបម្រេីការ កងការពារឃ្លាំងចំណុះយោធិភូមិភាគទី៤ បានបង្ហាញក្តីត្រេកអរជាពន់ពេកបន្ទាប់ពីទទួលបានដំណោះស្រាយមួយល្អប្រសើរ ដោយបានដីត្រឡប់មកវិញ ហើយមិនប្រឈមទោសទណ្ឌ។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងជ្រាលជ្រៅបំផុត។ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានចាត់ទុកសម្តេចតេជោ និងសម្តេចធិបតី ជាមេដឹកនាំឈរនៅខាងប្រជាពលរដ្ឋ និងតម្កល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនដែលរំលងសម្តេចនោះឡើយ។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ក៏បានថ្លែងអំណរគុណលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានខ្នះខ្នែង និងសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងជួយឱ្យពួកគាត់បានត្រឡប់មកផ្ទះសម្បែងវិញ៕

អត្ថបទដែលជាប់ទាក់ទង