បុរសម្នាក់ស្រវឹងជោក បើកឡានបុកនារីម្នាក់ជិះម៉ូតូប៉ើងធ្លាក់ពីលើស្ពាន
ខេត្តបាត់ដំបង ៖ អ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹងជោកជាំស្ទើរតែលេងដឹងខ្លួនទៅហើយ ត្រូវកម្លាំងសមត្ថកិច្ចចាប់អូសចេញពីក្នុងរថយន្ត រួចវ៉ៃខ្នោះដៃក្រពាត់ស្លាបសេកភ្លាមៗ ក្រោយពីជនប្រមឹកនេះ បានបើករថយន្តបុកនារីម្នាក់ទាំងកំរោល ពេលនាងកំពុងជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នា រហូតធ្វើឲ្យនាងប៉ើងធ្លាក់ពីលើស្ពានស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី១៤ មីនា ស្ថិតនៅចំណុចលើស្ពានវត្តគរ ក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការខេត្តបានឲ្យដឹងថា ជនប្រមឹកដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះក្រពាត់ស្លាបសេកនោះ ឈ្មោះ ម៉ម សូត្រា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-148 ។
ដោយឡែក ជនរងគ្រោះឈ្មោះ ប៊ន ច័ន្ទផាសា អាយុ១៨ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ នាងជិះម៉ូតូម៉ាកស្គូពី ពណ៌.ស ពាក់ស្លាកលេខបាត់ដំបង1AR-8089 ។
នាយការិយាល័យចរាចរណ៍ជើងគោក លោកចាន់ សុធី បានប្រាប់ថា បើតាមការពិនិត្យចំណុចគ្រោះថ្នាក់ ឧប្បតិហេតុនេះ បង្កឡើងដោយភាគីរថយន្ត ដែលបានបុកភាគីម៉ូតូពេលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីខាងកើតទៅខាងលិច ។
លោកនាយការិយាល័យបាននិយាយថា ភាគីរថយន្តធ្វើដំណើរពីទិសខាងកើត ឆ្ពោះទៅខាងលិចក្នុងល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានភាពភាពស្រវឹងជោកជាំថែមទៀត ។ លុះដល់លើស្ពានក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃ បុកអ្នកជិះម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងអូសទាំងម៉ូតូទាំងជនរងគ្រោះត្រឡប់ទៅក្រោយជាច្រើនម៉ែត្រ រហូតនារីរងគ្រោះប៉ើងធ្លាក់ពីលើស្ពានស្លាប់យ៉ាងរន្ធត់ ។ រីឯអ្នកបើកបរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះភ្លាមៗ តែជននេះស្រវឹងឡើងទន់ខ្លួនទៅហើយ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា រថយន្តនោះបានបើកយ៉ាងលឿនមកពីទិសខាងកើត ។ លុះពេលជិះជិតដល់ក្បាលស្ពានវត្តគរ ឃើញកម្លាំងសមត្ថកិច្ចជិះម៉ូតូល្បាតនៅចំណុចក្បាលស្ពាន ដែលទំនងស្មានថា ជាកម្លាំងនគរបាលចរាចរណ៍ពិនិត្យជាតិអាលកុល ស្រាប់តែអ្នកបើកបរជាន់បន្ថែមល្បឿនប្រឹងឆ្លងស្ពាន ក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ រហូតជ្រុលទៅបុកអ្នកជិះម៉ូតូទាំងកំរោលអូសត្រឡប់ទៅក្រោយប្រហែល៤០ម៉ែត្រ ។
សាក្សីបានបញ្ជាក់ថា រថយន្តនោះបានបុកអ្នកជិះម៉ូតូ រហូតជនរងគ្រោះប៉ើងធ្លាក់ពីលើស្ពានស្លាប់យ៉ាងអាណោចអាធ័ម រីឯម៉ូតូរបស់នាងខូចខ្ទេចខ្ទីរអស់គ្មានសល់ ខណៈបង្កាន់ដៃស្ពានបាក់បែកជាច្រើនកំណាត់ តែសំណាងល្អរថយន្តមិនធ្លាក់ពីលើស្ពានព្រោះបានបង្កាន់ដៃស្ពានទប់ជាប់ ។
លោកចាន់ សុធី នាយការិយាល័យចរាចរណ៍បានប្រាប់ថា ម្ចាស់រថយន្តបង្កស្ថិតក្នុងស្ថានភាពស្រវឹងធ្ងន់ធ្ងរ ហើយត្រូវបានមន្ត្រីជំនាញនាំយកទៅកាន់ការិយាល័យដើម្បីសួរនាំ ។ ពេលនេះ លោកស្នងការខេត្ត បញ្ជាឲ្យសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕




