ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន

26

 

ភ្នំពេញ ៖ ឯកឧត្តមហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

ក្នុងរយៈពេលថ្មីៗ កន្លងមកនេះ ដោយសង្កេតឃើញមានករណីអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅតាម សហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស និងប៉ះពាល់សុវត្ថិភាពនិងសុខភាព ការងាររបស់កម្មករនិយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងស្របពេលដែល មានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹក សាជាថ្មី និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យម៉ឺងម៉ាត់នូវវិធានការចាំបាច់ ដូចខាងក្រោម៖

១- បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្ដៅឧបករណ៍ផ្តល់ចរន្ត អគ្គិសនី ដោយគោរពតាមស្តង់ដារសុវត្ថិភាព និងថែទាំឧបករណ៍ផ្តល់ចរន្តអគ្គិសនី និងសម្ភារដំណើរការ ដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅ កន្លែងធ្វើការ និងតាមដានជាប្រចាំសីតុណ្ហមាត្រដែលបានបំពាក់នៅក្នុងសហគ្រាស គ្រឹះស្ថាន។

២- ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និង សុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេស ការត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពការ វាយតម្លៃហានិភ័យការងារនៅកន្លែងធ្វើការជាប្រចាំ។

៣- អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាសុវត្ថិភាព របៀបជម្លៀសខ្លួន និង ធ្វើលំហាត់សមឱ្យបានទៀងទាត់។

៤- ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។

៥- ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាស អាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

៦- ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់ សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

៧- រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការដែល មានប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់ សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។

៨- ត្រួតពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការ ឱ្យបានយ៉ាងហោច ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។

៩- បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅពេល អាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល។

១០-ណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន ១កែវ នៅរៀងរាល់ ១៥-២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ។

១១-ត្រួតពិនិត្យនិងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ ដល់កម្មករនិយោជិត ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាង ក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។

១២-ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមាន អ្នកបញ្ហាឡចំហាយដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រសួង ស្ថាប័នជំនាញ។

ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្តីណែនាំ នេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរង ពិន័យតាមច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការ បង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត។

ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬ ក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/ KhmerWorkerChat) ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះ សុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលសីតុណ្ហភាពឡើងកម្ដៅខ្លាំង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង