ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី១ ខែមេសាខាងមុខ

41

 

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនពីរ មាន៖
ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។
ទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ មីនា ឆ្នាំ២០២៤។

លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងលើកទី២ នេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័ត នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលរាល់សកម្មភាពបន្ថែមរបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។
សូមជម្រាបថា រដ្ឋសភាបើកសម័យប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួន យ៉ាងសកម្ម រួមមាន មុខងារនីតិកម្ម (ការតាក់តែង និងអនុម័តច្បាប់) មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារភាពជាតំណាងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

គូរបញ្ជាក់ដែរថា រដ្ឋសភានីតិកាលទី៧ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងស្វាហាប់ ក្នុងការ បម្រើប្រជាពលរដ្ឋ ព្រមជាមួយនឹងការលើកកម្ពស់វិស័យការទូតសភា និងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ ការបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសភូមិផង វៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV Summit) និងថ្មីៗនេះ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំង៕

 

អត្ថបទដែលជាប់ទាក់ទង