ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ

42

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាន់​ សំណាង​ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម​បណ្ឌិត ជាម​ ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលកម្មវិធីប្រារព្ធធ្វេីឡេីងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរងខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រាតែងតាំងជូន លោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី រួចមក លោកឧត្តមសេនីយ៍ត្រី ចិន នី បានឡើងធ្វើការប្ដេជ្ញាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាតិ និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យ របស់មន្ត្រីនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតឲ្យបានល្អប្រសើរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត​ ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៥ រួមមាន៖

*ទី១៖ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ត្រូវយកចិត្តទុកដាក់កាត់បន្ថយឈានទៅលុបបំបាត់ឲ្យអស់ពីភូមិសាស្ត្រខេត្តត្បូងឃ្មុំ ឲ្យក្លាយទៅជាភូមិ (ស) គ្មានគ្រឿងញៀន

*ទី២៖ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ត្រូវលុបបាត់ឲ្យអស់ទាំងស្រុង បើមានការបើកល្បែងនៅទីកន្លែងណាអាជ្ញាធរដែនដី ពិសេសលោកអធិការ និងមេបញ្ជាការក្រុងស្រុក ត្រូវទទួលខុសត្រូវ

*ទី៣៖ បញ្ហាល្បែងជល់មាន់ បើមានភូមិ ឃុំ ស្រុក ក្រុង ណាមានការបើកល្បែងជល់មាន់ត្រូវទទួលខុសត្រូវដោយគ្មានការលើកលែង

*ទី៤៖ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តន៍នៅតាមគោលដៅរៀងៗខ្លួន ទៅលើរថយន្តបើកបរល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

*ទី៥៖ ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ទៅលើក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ដោយលោកអភិបាលក្រុង ស្រុក ទទួលខុសត្រូវលុបបំបាត់ឲ្យអស់។

ឯកឧត្តមបណ្ឌិត សង្ឃឹម និងជឿជាក់ថា ស្នងការថ្មីនិងអនុវត្តបានក្នុងនាមជាកងកម្លាំងអនុវត្តច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាន់​ សំណាង​ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍គាំទ្ររបាយការណ៍សង្ខេប និងស្នាដៃរបស់អតីតស្នងការលោកឧត្តមសេនីយ៍ទោ​ ម៉ុន​ មាគ៌ា​ និងគាំទ្រការសន្យា និងការប្តេជ្ញាចិត្តរបស់ស្នងការថ្មី លោកឧត្តមសេនីយ៍ត្រី ចិន នី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់​ សំណាង ក៏បានឯកភាពចំពោះប្រសាសន៍លេីកឡេីងរបស់ ឯកឧត្តម​បណ្ឌិត ជាម​ ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ដែលស្នងការថ្មីត្រូវតែចាត់ទុកជាត្រីវិស័យសម្រាប់អនុវត្ត។

ដេីម្បីបន្តធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ ពិសេសលេីកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការរង បាននាំយកនូវអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំថ្មី ដេីម្បីយកទៅអនុងវត្តឲ្យមានប្រសិទ្ធភាពការងារដូចខាងក្រោម ៖

*១​៖ ធ្វេីជាសេនាធិការគ្រប់ជ្រុងជ្រោយជូនគណៈបញ្ជាការឯកភាពខេត្ត​ ត្រូវបង្កេីនកិច្ចសហការជាមួយអង្គភាព និងមន្ទីរពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋ ដេីម្បីចូលរួមសហការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព​។ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងអប់រំអំពីហានិភ័យនៃការប្រេីប្រាស់គ្រឿងញៀន​។ បំផុសការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​។ បង្ការបង្ក្រាបអំពេីលួចឆក់ប្លន់​ ពិសេសក្មេងក្មេងទំនេីង។

*២៖ ពង្រឹងសមត្ថិភាពដឹកនាំ​ធ្វេីជាគំរូដល់មន្ត្រីក្រោមឱវាទ បែងចែកភារកិច្ចដឹកនាំប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវធ្វើជាគំរូ យកចិត្តទុកដាក់ថែទាំមន្ត្រីក្រោមឱវាទ​ និងដឹកនាំដោយភាពស្មោះត្រង់​ ពិសេសកុំមេីលបំណាំគ្នា។

*៣​៖ ពង្រឹងការងារប្រចាំបញ្ជា ដោយត្រូវបែងចែកវេនឲ្យបានច្បាស់លាស់ ពិសេសត្រូវមានបញ្ជាការដឹកនាំវេននីមួយៗ។

*៤៖ ពង្រឹងកាងារគ្រប់គ្រងជនបរទេស និងការទប់ស្កាត់អំពេីភេរវកម្មឆ្លងដែនគ្រប់ប្រភេទ ខិតខំថែរក្សាសុវត្ថិភាពទេសចរណ៍បរទេស។

*៥​៖ បន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងវិន័យកងកម្លាំងនគរបាលជាតិ​ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឲ្យបាននូវសេចក្តីថ្លៃថ្នូរ​។ ទន្ទឹមនោះកងកម្លាំងនគរបាលជាតិ ត្រូវបន្តហ្វឹកហាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ពិសេសជំនាញបច្ចេកវិទ្យាព័ត៌មានឌីជីថល ដេីម្បីលេីកកម្ពស់សុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម។

*៦៖ ពង្រឹងការត្រួតពិនិត្យវត្តមានកងកម្លាំងនគរបាលឲ្យបានម្មត់ចត់​។ តាមដានព័ត៌មានបណ្តាញសង្គម ករណីមានការរិះគន់ត្រូវធ្វេីការបកស្រាយតាមរយៈក្រុមការងារប្រតិកម្មរហ័សឲ្យបានទាន់ពេលវេលា។

*៧៖ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ផ្តល់កិច្ចសហការ និងសាមគ្គីគ្នាឲ្យបានជិតស្និទតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។

*៨៖ ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីធានាបាននូវកិច្ចការសន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈនានាប្រកបដោយប្រសិទ្ធភាព​ឆាប់រហ័យ​។ មន្ត្រីនគរបាលត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថ​ សីលធម៌​ ថ្លៃថ្នូរ និងការធ្វេីការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដែលមកស្នេីសុំសេវាប្រកបដោយភាពទន់ភ្លន់។

*៩៖ ត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំកងកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីធានាឲ្យបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។  ការគ្រប់គ្រង់អាវុធជាតិផ្ទុះ និងសារធាតុផ្សំនានាដែលអាចផ្សំធ្វេីជាគ្រឿងផ្ទុះ ដែលថ្មីៗនេះក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធាការការគ្រប់គ្រងរាល់អាជីវកម្មនានាដែលពាក់ព័ន្ធការលក់ ការនាំចេញនាំចូល។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យលោកស្នងការថ្មី ត្រូវអនុវត្តតួនាទី ភារកិច្ចឲ្យបានល្អ និងមានប្រសិទ្ធភាព គុណភាពបន្ថែមទៀត សំដៅធ្វើយ៉ាងធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គជាតិ៕

អត្ថបទដែលជាប់ទាក់ទង