ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ច ប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី

19

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគណៈកម្មការស្តីពីការជំរុញអនុលោម ភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) និងក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុ សញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ។
ឯកឧត្ដមបណ្ឌិត លី ធុជ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន តម្លាភាព និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើរបៀបវារៈចំនួន០៣ រួមមាន ទី១/.ការចោទប្រកាន់រដ្ឋភាគីចំនួន ៣ ដូចជា ស៊ូដង់ អ៊ុយក្រែន និងយេម៉ែន ដែលបានកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ទី២/.កាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា និងទី៣/. ការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានផ្តោតសំខាន់លើវឌ្ឍនភាពនៃការធ្វើសកលភាវូបនីយកម្ម នៃរដ្ឋមិនទាន់ក្លាយជារដ្ឋភាគី ឱ្យក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ឯកឧត្ដម បណ្ឌិត លី ធុជ បានជំរុញឱ្យបន្តត្រួតពិត្យឡើងវិញចំពោះរដ្ឋភាគីដែលត្រូវបានចោទប្រកាន់ថា កំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ ជាមួយគ្នានោះ អង្គប្រជុំ ក៏បានពិនិត្យឡើងវិញអំពីស្ថានភាពនៃរដ្ឋភាគីចំនួន៤៦ ដែលមិនបានអនុវត្តត្រឹមត្រូវតាមមាត្រា៩ នៃអនុសញ្ញា ដោយសារហេតុផលនានា របស់រដ្ឋភាគីនីមួយៗ។ ពាក់ព័ន្ធនឹងរបាយការណ៍មាត្រា៧ មានរដ្ឋភាគីចំនួន ៥៧ បានរាយការណ៍អំពីតម្លាភាព និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមបទដ្ឋាន នៃអនុសញ្ញា ហើយគណៈកម្មការកំពុងរង់ចាំរបាយការណ៍ពីរដ្ឋភាគីដទៃទៀតរហូតដល់ខែឧសភា ឆ្នាំ២០២៤ ។

ជាមួយគ្នានោះ អង្គប្រជុំបន្តជំរុញឱ្យរដ្ឋភាគីទាំងអស់ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា ព្រមទាំងផ្ញើនូវរបាយការណ៍វឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន មកកាន់គណៈកម្មការឱ្យទាន់ពេលវេលា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរកាលស្តីពីស្ថានភាពទាក់ទងនឹងកាតព្វកិច្ច ក្នុងខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ខាងមុខ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង