ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ត្រូវបានប្រសិទ្ធនាមថា «តារារៈនាទិសនិរតី»

24

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ដោយចូលរួមពីឯកឧត្តម ណាត់ថាពង្ស សៈងួនជីត (NATTHAPONG SANGUANCHIT) អភិបាលខេត្តត្រាត និងគណៈប្រតិភូ ឯកឧត្តម ឡាយ សួន ឈាន (LAI XUAN CHIEN) អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ឯកឧត្តម ង៉ វ៉ាន់ ទួត (NGO VAN TUAT) ភារៈធារី ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងគណៈប្រតិភូ លោក ហ្វាន ម៉ានជាំង (FAN MANJIANG) ប្រធានផ្នែកកិច្ចការកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងខេត្តកំពត កោះកុង និងខេត្តកែប ប្រធានសភាពាណិជ្ជកម្ម សមាគមទេសចរណ៍។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំ ស្តីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) នៅខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា «តារារៈនាទិសនិរតី» ។ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូនទេសចរ ការអភិវឌ្ឍ និងផ្សព្វផ្សាយសេវាកម្មទេសចរណ៍ នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំងបី ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបំណិនទេសចរណ៍។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។ ក្នុងរយៈពេលជាង ៣ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ វិស័យទេស ចរណ៍ ក៏ដូចជាឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរទាំងក្នុងតំបន់ និងនៅលើសកលលោកបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថានិន្នាការទេសចរណ៍អន្តរជាតិនៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងដំណើរការ និងវិវត្តន៍រីកចំរើនល្អប្រសើរឡើងវិញជាបណ្ដើរៗ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗជាអាទិ៍វិស័យទេសចរណ៍ សេដ្ឋកិច្ច-ឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មជាដើម។ ជាពិសេសបានបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ការ វិនិយោគដូចជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ភាពអំណោយផល នៃច្បាប់ និងគោលនយោបាយដែលផ្តល់ការអនុគ្រោះ និងលើកទឹកចិត្តខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រការដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវទឹក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងបណ្តាប្រទេសធំៗក្នុងតំបន់និងពិភពលោក។

ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា វត្តមាននៃការចូលរួមពីតំណាងទាំង៣ ប្រទេសក្នុងកិច្ចប្រជុំ បានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍ខេត្តជាប់សមុទ្ររបស់ប្រទេសទាំង៣ ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក (Win Win)។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីមិត្តថៃបង្កើត CVTEC ក៏ដូចជារៀបចំឱ្យមានកិច្ចប្រជុំ CVTEC និងបង្កើតនូវព្រឹត្តិការណ៍ ផ្សេងៗកន្លងមក ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិក សំដៅនូវគំនិតផ្តួចផ្តើមជំរុញសក្តានុពលទេសចរណ៍ និងផលិតផលថ្មីៗនៃខេត្តជាប់សមុទ្រក្នុងរបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ។ គំនិតផ្តួចផ្តើមពីរគឺ ខិតខំបង្កើតផលិតផលថ្មីៗ ផ្អែកតាមការងារយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” (BUILD+3Ds) ដែលជាការងារអទិភាពគាំទ្រដល់កិច្ចជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់យើង ធ្វើការរៀបចំកិច្ចប្រជុំនេះជាបន្តបន្ទាប់ និងបង្កើតនូវយន្តការមួយច្បាស់លាស់សម្រាប់សម្របសម្រួលដល់កិច្ចប្រជុំបន្តបន្ទាប់នាឆ្នាំខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង