ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ពន្យល់សិក្ខាកាមថា៖បើយើងក្តាប់បានព័ត៌មានពិត យើងទទួលបានជ័យជំនះ៩០ភាគរយ តែបើមិនពិតយើងនឹងបរាជ័យ ៩០ភាគរយដែរ

25

 

ភ្នំពេញ៖ ចារកម្ម CIA ជាកន្លែងយកព័ត៌មាន។ព័ត៌មានសំខាន់ណាស់ ហើយក្នុងជីវិតប្រចាំថ្ងៃ ដូចជាក្នុងសមូរភូមិការទូត សមរភូមិសង្គ្រាម សមូរភូមិពាណិជ្ជកម្ម សមូរភូមិ គ្រួសារ សមូរភូមិនៃការរកស៊ី ត្រូវការព័ត៌មានទាំងអស់។ បើយើងក្តាប់បានព័ត៌មានពិត យើងទទួលបានជ័យជំនះ៩០ភាគរយ តែបើមិនពិតយើងនឹងបរាជ័យ ៩០ភាគរយដែរ។

នេះជាការលើកឡើងរបស់ឯកឧត្ដម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ
ខណៈលោកអញ្ជើញ ជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៍មាន»នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។

ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ នេះជាលើកទីពីរហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធបណ្តាញ សង្គម និងការយល់ដឹងអំពីព័ត៌មាន សម្រាប់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពក្រោមឱវាទ ដោយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យើងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព នៅរដ្ឋបាលរាជធានីភ្នំពេញម្តងរួចមកហើយដែរ។

ឯកឧត្ដម កើត ឆែ បានបន្តថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល, ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ ព្រោះជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយដែលប្រជាពលរដ្ឋអាចលើកឡើងអំពីសំណើ សំណូមពរ និងបញ្ហាប្រឈម នានា ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរមានវិធានការដោះស្រាយ។ទន្ទឹមនឹងភាពងាយស្រួលក្នុងការទទួលព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ, ក៏រដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងនិយាយដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធជួបប្រទះនឹងបញ្ហាប្រឈម ដោយហេតុថាព័ត៌មានមួយចំនួនមិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយ ហើយព័ត៌មានខ្លះទៀត ជាព័ត៌មាន ប្រឌិត ខុសពីការពិត ដែលធ្វើឱ្យមន្ត្រីទទូលបន្ទុកព័ត៌មានមានការលំបាកក្នុងការពិនិត្យ និងរាយការណ៍ជូន ថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងដោះស្រាយជូន។ផ្តើមចេញពីបញ្ហាទាំងអស់ខាងលើ គឺទាមទារឱ្យមន្ត្រីទទួលព័ត៌មាននៃរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងនៅតាមមន្ទីរ-អង្គភាពមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ ជាមួយ ប្រភព និងបណ្តាញព័ត៌មានដែលខ្លួនមាន ដើម្បីធានាបានថា ព័ត៌មាននោះជាព័ត៌មានពិតប្រាកដចៀសវាងនូវ ព័ត៌មានដែលបង្កចលាចលបំពុលសង្គម, មានចរិតញុះញង់នយោបាយ ដែលនេះ ធ្វើឱ្យយើងខាតបង់ពេលវេលា ក្នុងការសិក្សា និងស្រាវជ្រាវពីប្រភពព័ត៌មានជាដើម។ជាមួយគ្នានេះយើងក៏ត្រូវពង្រឹងយន្តការប្រើប្រាស់បណ្ដាញសង្គម ឱ្យមានប្រសិទ្ធភាពក្នុងនោះ៖ ត្រូវ ពង្រឹងយន្តការក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៅគ្រប់ថ្នាក់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវបង្កើតទំព័រ ហ្វេសប៊ុក (Facebook Page) និងតេឡេក្រាម (Telegram) សម្រាប់អង្គភាពដែលមិនទាន់មាន ដើម្បីរង់ចាំ ទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង