ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

51

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ និង ញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាន នូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០យប់ ។

នៅក្នុងសង្ក្រាន្តនេះមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ៕

អត្ថបទដែលជាប់ទាក់ទង