ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិនទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត លើវិស័យជាច្រើន

18

សាធារណរដ្ឋប្រជាមានិតចិន, នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនេះលោក ចាវ ឡឺជី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។លោក បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod ។ លោកក៏បានប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។

លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិនទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ ។លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។ លោកបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របណាមួយ។ លោកបានអបអរសាទរដែលគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេចពីសំនាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និង ហ្លួងម៉ែ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើតាមរយះលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិនលើការគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង