ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំ ៩ចំណុច ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

32

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំណែនាំស្តីពីវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមប្រព័ន្ធវីដេអូហ្សូម នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាល ប្រធានមន្ទីរ-នាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត នាយការិយាល័យបុគ្គលិក នាយការិយាល័យកិច្ចការបរទេស នាយការិយាល័យអន្តរជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅព្រឹកនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការចាត់វិធានការបន្ទាន់ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ដែលនិងឈានមកដល់នៅពេលខាងមុខនេះ។

ដើម្បីធានាដល់ការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងការប្រែប្រួលប្រកបដោយភាពស្មុគស្មាញនៃសភាព ការណ៍ថ្មីៗរបស់ពិភពលោក និងក្នុងតំបន់ ក៏ដូចជាស្ថានភាពទូទៅនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំដល់គ្រប់នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការជាបន្ទាន់ ដោយត្រូវរៀបចំកសាងផែនការធានាដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមជំនាញ និងស្របតាមភូមិសាស្ត្ររៀងៗខ្លួន ដោយផ្តោតលើការងារសំខាន់ៗ ដូចខាងក្រោម៖

ទី១.ត្រូវកសាងផែនការធានាដល់ការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដោយផ្អែកលើជំនាញ និងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដើម្បីមានភាពម្ចាស់ការក្នុងការគ្រប់គ្រងសភាពការណ៍ ក្នុងករណីមានហេតុការណ៍ចលាចល ឬអសន្តិសុខ ដែលអាចកើតឡើងជាយថាហេតុ។

ទី២.ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧបាយកល ក៏ដូចជាការប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗ។ ក្នុងនោះត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំព័ត៌មានសន្តិសុខ និងធ្វើការវិភាគ វាយតម្លៃឲ្យបានច្បាស់លាស់អំពីទំហំហានិភ័យ ដែលអាចកើតមានឡើង ព្រមទាំងបែងចែកប្រគល់ភារកិច្ច ដល់មន្ត្រីជំនាញឲ្យបានហ្មត់ចត់ ដើម្បីក្តាប់ឲ្យបានអំពីមុខសញ្ញា ដែលប៉ុនប៉ងធ្វើសកម្មភាពបង្កអសន្តិសុខក្នុងសង្គម ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

ទី៣.បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែសកម្ម ផុលផុស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត រួមទាំង ការប្រើប្រាស់អាវុធ រំសេវ គ្រឿងផ្ទុះ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន សកម្មភាពក្មេងទំនើង អំពើហិង្សា ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានដោយប្រើប្រាស់វិធានការជំនាញស្របតាមច្បាប់។

ទី៤-ត្រូវដាក់ពង្រាយកម្លាំងឲ្យបានសមស្រប ដើម្បីធានារក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ សាធារណៈ នៅតាមបណ្តាគោលដៅប្រារព្ធពិធីបុណ្យ រមណីយដ្ឋាន គោលដៅទេសចរណ៍ និងទីកន្លែងកំសាន្តសប្បាយនានា ពិសេសធានាឲ្យបានដាច់ខាតនូវព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ដែលយាង និងអញ្ជើញទៅចូលរួម ពិធីបុណ្យតាមទីវត្តអារាម ឬជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយត្រូវរៀបចំឲ្យមាន កម្លាំងនគរបាលចរាចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារប្រចាំការនៅតាមគោលដៅទាំងនោះ ដើម្បីការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងបង្ក្រាបបទល្មើសផ្សេងៗ។

ទី៥-ត្រូវមានផែនការជាមុនក្នុងការសម្រួលចរាចរណ៍នៅតាមបណ្តាផ្លូវជាតិ ផ្សារ ទីប្រជុំជន ពិសេសច្រកចេញ-ចូលរាជធានីភ្នំពេញ និងទីរួមខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សា របៀបរៀបរយ សណ្តាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍។

ទី៦-ពង្រឹងយន្តការប្រចាំបញ្ជាគ្រប់ជាន់ថ្នាក់ និងត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់ចេញអន្តរាគមន៍ និងសង្គ្រោះ ត្រូវសហការជាមួយបណ្តាញព័ត៌មានសំខាន់ៗ ដើម្បីផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ស្តីពីគ្រោះមហន្តរាយនានា ការប្រែប្រួលអាកាសធាតុ ឬការកកស្ទះចរាចរណ៍ជាដើម។ ត្រូវរៀបចំឲ្យមានការផ្លាស់ប្តូរវេនប្រចាំការដើម្បីធានាថាមន្ត្រីគ្រប់ៗរូប បានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ទី៧-ចាត់តាំងក្រុមប្រតិកម្មរហ័ស តាមដានរាល់ព័ត៌មានពីគ្រប់ប្រភព ដោយត្រូវធ្វើការស្រាវជ្រាវ ឆ្លើយតប បកស្រាយបំភ្លឺ និងចាត់វិធានការបន្សាបឲ្យបានទាន់ពេលវេលានូវព័ត៌មានប្រឌិត ក្លែងក្លាយ ដែលមានចរិតញុះញង់បំពុលបរិយាកាសសង្គម។

ទី៨-បង្កើនការត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(ទាំងពេលថ្ងៃ និងពេលយប់)ព្រមទាំងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះអគ្គិភ័យ និងមហន្តរាយនានា ដែលអាចកើតមានឡើងជាយថាហេតុ។ ទន្ទឹមនេះត្រូវអប់រំណែនាំពាក់ព័ន្ធសកម្មភាពលេងល្បែងជះទឹក ប៉ាតម្សៅ ការគប់វត្ថុរឹងដាក់គ្នា។

ទី៩-ចាត់តាំងប្រតិភូយកអំណោយចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលនៅតាមព្រំដែន កងកម្លាំងនគរបាលជាតិកំពុងសម្រាកព្យាបាលជំងឺ-របួសនៅតាមមន្ទីរពេទ្យ គេហដ្ឋាន និងគ្រួសារមន្ត្រី នគរបាលដែលបានពលីក្នុងបុព្វហេតុសន្តិសុខជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យនាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មកសេនាធិការដ្ឋាន (នាយកដ្ឋាន សរុប-ផែនការ) ត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ជាកំហិត៕

អត្ថបទដែលជាប់ទាក់ទង